ស្តាប់អត្ថបទជាសំឡេង
បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន១២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣-៥១៤ សហការជាមួយកម្លាំងចម្រុះឃាត់ខ្លួននៅពីរគោលដៅផ្សេងគ្នា នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២១។
ក្នុងរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា គោលដៅទី១ ពលករចំនួន០៦នាក់ (ស្រី០២នាក់) ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង៣:៥០នាទីទាបភ្លឺ ពួកគាត់បានវង្វេងផ្លូវរួចក៏បានចូលសារភាពជាមួយកម្លាំងវរសេនាតូចថ្មើជើងលេខ៥១៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ អង្គភាពបានប្រគល់ឱ្យនគរបាលព្រំដែនគោកដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
ចំពោះគោលដៅទី២ កម្លាំងវរសេនាតូចថ្មើជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនពលករចំនួន៦នាក់ (ស្រី ៣នាក់) បម្រុងឆ្លងដែនចូលទៅប្រទេសថៃនៅវេលាម៉ោង ៣:៣៥នាទីទាបភ្លឺ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (នៅលើផ្លូវជាតិលេខ៥៨) ហើយអង្គភាពបានប្រគល់ទៅឱ្យក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
បន្ទាប់ពីឃាត់ខ្លួន ពួកគេត្រូវបានធ្វើការណែនាំដល់កុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews