ស្តាប់អត្ថបទជាសម្លេង
រតនគិរី៖ បន្ទាប់ពីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរីបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមអាជីវករលក់ដូរក្នុងផ្សារក្រុងបានលុងថ្ងៃទី0១ ខែកញ្ញា ឆ្នាំ ២០២១ ចំនួន១៣នាក់ រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសបិទខ្ទប់ផ្សារក្រុងបានលុងជាលើកទីពីរ គឺគិតចាប់តាំងពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ រហូតដល់ការគ្រប់គ្រងបានទើបរដ្ឋបាលខេត្តសម្រេចសាជាថ្មីឱ្យចូលលក់ដូរក្នុងផ្សារវិញតាមស្ថានភាពជាក់ស្ដែង។
ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលសាលាខេត្តនេះគឺបានចេញសេចក្ដីជូនដំណឹងដល់សាធារណជននៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។
ស្របតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តនេះ ដែរអាជ្ញាធរក្រុងសង្កាត់បានរៀបចំធ្វើការបិទខ្ទប់ផ្សារក្រុងបានលុងទាំងមូលនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមិនអនុញ្ញាតឱ្យក្រុមអាជីវករចូលលក់ដូរក្នុងផ្សារឡើយ។
ជាមួយនឹងការបន្ទប់ផ្សារនេះអាជ្ញាធរបានសហការជាមួយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរីធ្វើតេស្តរហ័សទៅលើអាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺ កូវីដ-១៩ នៅក្នុងផ្សារក្រុងបានលុង ដើម្បីជាការកាត់ផ្ដាច់ខ្សែរយៈចម្លងបន្តទៀត។ អាជ្ញាធរក្រុងក៏បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ដែលប៉ះដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមាន សូមចូលរួមមកធ្វើតេស្ត ដើម្បីរកមេរោគដ៏កាចសាហាវនេះឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី0២ ខែកញ្ញានេះ ផ្សារបានលុងត្រូវបានបិទតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ត។ រីឯក្រុមអាជីវករដែលមានបន្លែផ្លែឈើត្រីសាច់ក៏ត្រូវបានយកមកដាក់លក់នៅលើចិញ្ចើមផ្លូវលេខ៧៨ត្រង់ចំណុចរង្វង់មូលមុខផ្សារក្រុងបានលុងយ៉ាងច្រើនកុះករ។
ជាមួយនឹងការដាក់តាំងលក់នៅតាមចិញ្ចើមផ្លូវសាធារណៈ របស់ក្រុមអាជីវករនាព្រឹកនេះដែរ លោកញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី និងជាអ្នកនាំពាក្យសាលាខេត្តបានឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទថា ចំពោះការរៀបចំឱ្យក្រុមអាជីវករបានលក់ដូរបានត្រឹមត្រូវជៀសវាងការភាពរញ៉េរញ៉ៃតាមដងផ្លូវសាធារណៈ អាជ្ញាធរកំពុងតែរៀបចំផ្សារសុវត្ថិភាពជាលើកទី០២ សម្រាប់ឱ្យពួកគាត់បានលក់ដូរ និងមានផាសុខភាពត្រឹមត្រូវផងដែរ។
លោកអភិបាលរងខេត្តរូបនេះ ក៏បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករទាំងអស់មេត្តាចូលរួមគោរពនូវវិធានសុខាភិបាល បីកុំបីការពារឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដើម្បីចៀសវាងនៃការចម្លងចេញពីសហគមន៍មួយចូលសហគមន៍មួយ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News