26 C
Phnom Penh
Saturday, July 27, 2024

ផ្ទុះការតវ៉ានៅផ្សារដងទង់សុំឲ្យអាជ្ញាធរមានដំណោះស្រាយ រឿងអ្នកលក់ខាងក្នុង និងអ្នកលក់ខាងក្រៅ

ស្តាប់អត្ថបទជាសម្លេង

កោះកុង៖ អាជីវករក្នុងផ្សារដងទង់ទាំងអស់កន្លងមកពួកគាត់ ធ្លាប់បានស្នើសុំរកដំណោះស្រាយជាមួយប្រធានផ្សារ និងអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ ជាច្រើនលើកច្រើនសារ តែ គ្មានប្រសិទ្ធភាពទើបពួកគាត់ធ្វើការប្រមូលផ្តុំជាលើកចុងក្រោយធ្វើការតវ៉ាជាថ្មីម្តងទៀត ដោយស្នើសុំដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចាត់វិធានការជាថ្មី លើក្រុមអាជីវករលក់ បន្លែ ត្រី សាច់ លើចំណីផ្លូវសាធារណៈ យ៉ាងអាណាធិបតេយ្យនេះអោយចូលលក់ខាងក្នុងផ្សារវិញ។

ក្រុមអាជីវករនៅក្នុងផ្សារដងទង់ ហ៊ានចេញមុខអះអាងយ៉ាងដូច្នេះ គ្រាដែលកន្លងមកលោកប្រធានគ្រប់គ្រងផ្សារ និងអាជ្ញាធរមានសមត្ថកិច្ចក្រុងខេមរភូមិន្ទ មិនហ៊ានចាត់វិធានការក្តៅ ចំពោះក្រុមអ្នកលក់បែប អនាធិបតេយ្យផ្នែកខាងក្រៅផ្សារ ហើយបានធ្វើឲ្យក្រុមពួកនេះរឹតតែបានដៃ ដាក់ពង្រាយក្រុមបក្ខពួករបស់គេលក់ដូរ បន្លែ ត្រី សាច់ ពាសពេញលើចំណីផ្លូវសាធារណ: កាន់តែច្រើនឡើង ពុំដែលលោះថ្ងៃឡើយ។

ចំពោះការប្រព្រឹត្តសកម្មភាពរបស់ក្រុមអ្នកលក់បែបអនាធិបតេយ្យផ្នែកខាងក្រៅនេះ ត្រូវបានក្រុមអាជីវករលក់ បន្លែ ត្រីសាច់ ដោយស្របច្បាប់ផ្នែកខាងក្នុងផ្សារ មើលឃើញថា អ្នកខាងក្រៅបានកាត់ផ្តាច់ខ្សែរយ: ការទិញដូររបស់អតិថិជន មិនឲ្យឈានជើងចូល ខាងក្នុងផ្សារ។

ស្របពេល ស្ថានភាពពេលនេះកំពុងស្ថិតក្នុងចន្លោះអន្តរកាលកូវីដ-១៩ បូកផ្សំជាមួយការហ៊ំព័ទ្ធពីផ្នែកខាងក្រៅផ្សារ បិទច្រកអតិថិជនមិនបានចូលទិញ បន្លែ ត្រីសាច់ បានធ្វើឲ្យក្រុមអាជីវករផ្នែកខាងក្នុង ពួកគាត់លក់ដូរកាន់តែខាតចុង ខាតដើម ព្រោះលក់លែងដាច់ សល់ឥវ៉ាន់ក្នុងតូបស្ទើររាល់ថ្ងៃ។ នេះជាការលើកឡើងរបស់អាជីវករ ចំនួន០៣ នាក់ គឺអ្នកស្រី មិន ឡៅ លក់ដូរគ្រឿងសមុទ្រ, អ្នកស្រី នួន បញ្ញា លក់ត្រីសមុទ្រ និងអ្នកស្រី សេង ស្រី រ៉ស់ លក់សាច់គោ។

ពួកគាត់បន្ថែមថា មូលហេតុដែលក្រុមអ្នកលក់ដូរនៅខាងក្នុងផ្សារលក់មិនដាច់ ស្ទើរតែ សង្ស័យ គ្មានលុយបង់សងធនាគារថ្លៃជួលតូប និងភាស៊ី អនាម័យផ្សេងៗ ជាខ្ទង់ចំណាយច្រើន លើសលុប នេះដោយសារតែអ្នកខាងក្រៅផ្សារប្រកបអាជីវកម្ម ដុះស្លែទៅហើយ គិតតែប្រយោជន៍ ផ្ទាល់ខ្លួនមួយមុខ ក្រោមរូបភាពធ្វើជាលក់តាមកញ្ច្រែង ល្អី និងចានដែក ឲ្យអាជ្ញាធរមានសមត្ថកិច្ចយល់យោគ និងអនុគ្រោះតែប៉ុណ្ណោះ តែធាតុពិតពួកក្រុមលក់ដូរបែបអនាធិបតេយ្យ ហ៊ានឱ្យថ្លៃ ភាស៊ីផ្សារដល់ទៅ ៣.០០០រៀល ឬ៥.០០០រៀល លក់ ម៉ាសេរីហើយ ថែមទាំង បង្កភាពអនាធិបតេយ្យ ស្ទើរតែរាល់ថ្ងៃ ដូច្នេះមានតែក្តីរំពឹងលើដំណោះស្រាយរបស់លោក ស្រី មិថុនា ភូ ថង អភិបាលខេត្តកោះកុង ករណីអនុវត្តន៍វិធានការថ្មីលើច្បាប់បាតុភាពអនាអនាធិប តេយ្យ កុំឲ្យកើតមានទៅអនាគត។  

ទាក់ទិនភាពស្មុគស្មាញផ្សារដងទង់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពី រសៀលថ្ងៃទី ២២ ខែកញ្ញា បានកោះហៅអ្នកពាក់ព័ន្ធមកប្រជុំបន្ទាន់មួយ ដើម្បីស្តាប់ការលើកឡើងពីគោលបំណងរបស់អាជីវករពីការកើតទុកមិនសុខចិត្ត ក្រោយពីក្រុមអាជីវករប្រមូលផ្តុំគ្នាតវ៉ា។

ប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំបញ្ចប់លោក សំឃិត វៀន អភិបាលរងខេត្តទទួលបន្ទុក បញ្ជាក់ថា ដំណើរការរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យក្នុង និងក្រៅផ្សារដងទង់ គឺអាជ្ញាធរសមត្ថកិច្ចក្រុង ខេមរភូមិន្ទ កែលម្អស្អាតល្អបានមួយចំនួនធំហើយ។ ចំណាទបញ្ហាព្រោះតែ អាជីវករមួយចំនួនតូចប៉ុណ្ណោះ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរទាល់តែសោះ ចំពោះ ការស្ម័គ្រចិត្តចូលលក់ដូរក្នុងផ្សារវិញ។ 

ជាចំណាត់ការលោក អភិបាលរងខេត្តសន្យាថា ចាប់ពីថ្ងៃទី ២៣ខែកញ្ញានេះ តទៅនឹងព្យា យាមពន្យល់អប់រំផ្នែកច្បាប់ដល់អាជីវករ ដែលរឹងទទឹង ទាំងនោះអោយចូលលក់ដូរក្នុងផ្សារ ហើយបើករណីខ្វះតូបសម្រាប់លក់ដូរ អាជ្ញាធរជំនាញនឹងសម្របសម្រួលទៅលក់នៅផ្សារកោះកុងថ្មី។

សូមបញ្ជាក់ថា បរិវេណធ្វើអាជីវកម្មនៅក្នុងផ្សារដងទង់គ្រប់គ្រងដោយ លោក ម៉ក់ ណុច ប្រ ធានផ្សារចំណែកបរិវេណខាងក្រៅផ្សារគ្រប់គ្រង ដោយសមត្ថកិច្ចក្រុង ខេរមភូមិន្ទ ដោយបច្ចុប្បន្នក្រោយស្ថានភាពកូវីដធូរស្រាលគេ សង្កេតឃើញថា អាជ្ញាធរសមត្ថកិច្ចក៏ដុតដៃដុតជើងណាស់លើការរៀបចំសណ្តាប់ធ្នាប់សោភណ្ឌភាពអនាម័យក្នុង និងក្រៅផ្សារមួយនេះ តែមានអាជីករលក់ដូរមួយចំនួនតូចប៉ុណ្ណោះ ដែលមិនព្រមស្តាប់តាមការណែនាំដោយបន្តរឹងទទឹងយកចិញ្ចើមថ្នល់ធ្វើអាជីវកម្ម៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img