ស្តាប់អត្ថបទជាសម្លេង
កំពង់ធំ៖ ក្រោយមានទឹកភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃនេះ សត្វជន្លេនក្រហមបានចេញពីដី តាមវាលស្រែ ចម្ការ ក្នុងភូមិសាស្ត្រ ភូមិប្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋបានប្រាប់ពុទ្ធិញូវថា ចាប់តាំងទឹកជន់លិចចម្ការ និងស្រែរបស់ពួកគាត់មកដោយ ពួកគាត់អាចរកជន្លេនក្នុង ១យប់ចាប់តាំងពីម៉ោង ៣ទៀបភ្លឺ រហូតដល់ម៉ោង ១០ព្រឹក អាចរកបានចាប់ពី ១០គីឡូក្រាម រហូតដល់ ៣០គីឡូក្រាម ហើយលក់បន្តពីទៅឈ្មួញកណ្តាលប្រមូលទិញបានតម្លៃ ៣.០០០រៀលដែរ។ ដូច្នេះការរកសត្វជន្លេនេះអាចកាត់បន្ថយជីវភាពក្រុមគ្រួសារបានរយៈពេលក្នុងដំណាក់កាលកូវីដ១៩នេះ។
ចំណែកក្រុមឈ្មួញកណ្តាលបានប្រាប់ ក្រុមការងារ Puthi News ថា ការប្រមូលទិញជន្លេនទាំងអស់នេះ គឺទិញយកទៅលក់បន្តឲ្យ ថែកែ និងប្រជាកសិក និងប្រជានេសាទជាដើម។
ក្រុមឈ្មួញកណ្តាលនិយាយថា «ជន្លេទាំងអស់នេះ បើតូចយកទៅធ្វើនុយ ដាក់ឲ្យត្រីស៊ី ដាក់លាន់ ដាក់លូប ខ្លះទៀតយកទៅឲ្យសត្វមាន់ ទា ជ្រូក កង្កែប…»។
ក្រុមឈ្មួញកណ្តាលរៀបរាប់ប្រាប់ថា ការប្រមូលទិញជន្លេនទាំងអស់នេះ ក៏មានការប្រឈមគ្រោះថ្នាក់ដែរ ប្រសិនយកវាមិនដល់ថៅកែធំទាន់ពេលវេលាទេ គឺវាងាប់ជាបន្តបន្ទាប់គ្នា ដូច្នេះហើយយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាវាឲ្យល្អ រក្សាសំណើម និងដីខ្សាច់ លាយគ្នា។
ចំពោះការប្រមូលទិញពីបងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃ ៣.០០០រៀល ក្នុង១គីឡូក្រាម ចំណែកការលក់ចេញវិញបានតម្លៃ ៣.៥០០រៀល ក្នុង១គីឡូក្រាម។
សូមជម្រាបថាជន្លេនក្រហម គឺធនធានសំខាន់មួយប្រភេទសម្រាប់ប្រជាកសិករដែលមានប្រយោជន៍ច្រើន ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីខ្ពស់ និងជាសត្វអត់ឆ្អឹង ដែលអាចធ្វើចំណីល្អក្នុងការចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក ត្រី កង្កែប និងនុយសម្រាប់ដាក់ឲ្យត្រី ដើម្បីបំប៉នលូតលាស់ធំធាត់បានល្អ និងជួយដល់ការដាំដុះរបស់កសិករផងដែរ។ ហើយជន្លេនទាំងអស់នេះ គឺវាកកើតមានចាប់ពីខែ៩ រហូតដល់១០ប៉ុណ្ណោះ៕
អត្ថបទ នឹងរូបភាពដោយ៖ Puthinews