31 C
Phnom Penh
Friday, November 22, 2024

ប្លែកទៀតហើយម្ចាស់អាជីវកម្មសត្តឃាតស្រុកលំផាត់ តម្រូវឱ្យអ្នកដឹកសាច់លក់តាមម៉ូតូបង់ផាស៊ីប្រចាំខែ

រតនគិរី៖ តាមការលើកឡើងពីក្រុមអាជីវករដែលរកស៊ីដឹកបន្លែ ត្រី សាច់ តាមម៉ូតូលក់តាមភូមិក្នុងភូមិសាស្ត្រ ស្រុកលំផាត់បានឱ្យដឹងថា ម្ចាស់សត្តឃាតនៅស្រុកលំផាត់បានតម្រូវឱ្យពួកគាត់បង់ភាស៊ីក្នុងមួយនាក់ ១៥ម៉ឺនរៀល ក្នុងមួយខែ ទើបអនុញ្ញាតឱ្យយកសាច់ពីខាងក្រោយចូលទៅលក់ក្នុងភូមិសាស្ត្រស្រុកលំផាត់បាន។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២២ ម្ចាស់សត្តឃាតស្រុកលំផាត់ ឈ្មោះសែម ថាវី បានឃាត់ស្ទាក់ម៉ូតូចំនួនប្រមាណ ១១ គ្រឿង ដែលមិនព្រមបង់លុយប្រចាំខែឲ្យគាត់នៅលើផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចភូមិល្បាំង ១ ឃុំល្បាំង ១ ស្រុកលំផាត់ មិនអនុញ្ញាតឱ្យទៅលក់នៅក្នុងភូមិសាស្ត្រស្រុកលំផាត់ នោះទេ បើអ្នកលក់តាមម៉ូតូណាមិនបានបង់ប្រាក់ឱ្យគាត់។

ក្រុមអាជីវកររកស៊ីតាមម៉ូតូបានឱ្យដឹងទៀតថា បន្លែត្រីសាច់ សាច់គោ សាច់ជ្រូក សាច់មាន់ ដែលពួកគាត់បានយកចេញលក់តាមភូមិនោះ គឺពួកគាត់ទទួលទិញពីកុងស៊ីក្នុងក្រុងបានលុងដែលមានពេទ្យពិនិត្យត្រឹមត្រូវ មិនមានកាប់ខ្លួនឯងយកទៅលក់នោះទេ។ ចំពោះការបង់ក្នុងមួយនាក់១៥ម៉ឺនរៀលក្នុងមួយខែ ឱ្យម្ចាស់សត្តឃាតស្រុកលំផាត់នោះ ពួកគាត់គ្មានលទ្ធភាពបង់នោះទេ ដោយពួកគាត់រកស៊ីដឹកបន្លែត្រីសាច់លក់តាមបណ្ដាភូមិដាច់ស្រយាលឆ្ងាយហើយប្រឈមនឹងការខាតបង់ថែមទៀត។

ទាក់ទងទៅនឹងការលើកឡើងខាងលើ របស់ក្រុមអាជីវករលោកស្រីដែលជាម្ដាយរបស់លោកស្រី សែម ថាវី ជាម្ចាស់អាជីវកម្មដេញថ្លៃសត្តឃាតនៅស្រុកលំផាត់បានបញ្ជាក់ថា គាត់បានដេញថ្លៃផ្ដាច់មុខហើយបង់លុយជូនរដ្ឋដែរ។

ចំពោះការឃាត់អ្នកម៉ូតូនេះ គឺដោយសារពួកគាត់មិនព្រមចូលទៅចរចានឹងព្រមព្រៀងបង់លុយឱ្យគាត់។ ហើយការចុះមកឃាត់នៅពេលនេះក៏គាត់មានឯកសារគ្រប់គ្រាន់បញ្ជាក់ពីអាជ្ញាធរដើម្បីហាមឃាត់មិនឱ្យយកសាច់ពីខាងក្រៅចូលលោកព្រោះគាត់ជាម្ចាស់សត្តឃាតប្រចាំស្រុក។

ជុំវិញការឆ្លើយទៅវិញទៅមករវាងក្រុមអ្នករកស៊ីតាមម៉ូតូ និងម្ចាស់សត្តឃាតប្រចាំស្រុកលំផាត់ខាងលើនេះលោក នូ ថេរ អភិបាលស្រុកលំផាត់ ក៏បានឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នេះចំពោះការស្នើសុំរបស់ម្ចាស់សត្តឃាតលោកបានអនុញ្ញាតមែនប៉ុន្តែមិនតម្រូវឱ្យបង់លុយនោះទេ គឺត្រូវតែនិយាយគ្នាឱ្យបានត្រឹមត្រូវហើយបើសិនជាម្ចាស់សត្តឃាតប្រចាំស្រុកមានលទ្ធភាពអាចផ្គត់ផ្គង់សាច់នៅក្នុងស្រុកបានក៏ជាការល្អប្រសើរដែរ លោកខ្លាចក្រែងតែម្ចាស់សត្តឃាតមិនអាចផ្គត់ផ្គង់សាច់ដល់ ពួកគាត់បានទើបខាងម៉ូតូគាត់យកសាច់ពីទីក្រុងបានលុងយកទៅលក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះតាមតំបន់ដាច់ស្រយាល។

ក្នុងករណីខាងលើនេះដែរលោក មោង ម៉ាន់ ប្រធានការិយាល័យបសុព្យាបាលបានបញ្ជាក់តាមប្រព័ន្ធទូរស័ព្ទឱ្យដឹងថា ចំពោះការដឹកបន្លែត្រីសាច់លក់តាមភូមិ គឺមិនមែនខុសច្បាប់នោះទេឱ្យតែសាច់គោឬក្របីសាច់ជ្រូកដែលចេញពីការត្រួតពិនិត្យត្រឹមត្រូវពីសត្តឃាតគឺមិនមានការហាមឃាត់ឡើយព្រោះការដើរលក់របស់ក្រុមម៉ូតូយកទៅចែកចាយតាមភូមិគឺជាទីផ្សារសេរីនិងការប្រកបមុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋយើងដឹកយកទៅលក់កន្លែងណាក៏បានដែរ។

ចំពោះម្ចាស់អាជីវកម្មសត្តឃាតមានសិទ្ធិយកផាស៊ីតែនៅលើទីផ្សារដែលលក់សាច់គោសាច់ក្របីដែលកាប់ក្នុងស្រុក។
លោកប្រធានបានបញ្ជាក់បន្ថែមទៀតថាចំពោះអ្នកដែលកាប់សត្វដូចជាគោក្របីនិងជ្រូកត្រូវតែក្រោមការគ្រប់គ្រងរបស់ម្ចាស់សត្វទៀតប្រចាំស្រុកនឹងបង់ភាស៊ីទៅឲ្យម្ចាស់សត្តឃាត៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img