33 C
Phnom Penh
Saturday, October 26, 2024

ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងទៅជប៉ុន

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា លោក យូន​ ស៊ុកយុល (Yoon Suk Yeol) និងភរិយា គ្រោងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា តបតាមការអញ្ជើញរបស់ទីក្រុងតូក្យូ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ១២ឆ្នាំ និងបន្ទាប់ពីទីក្រុងសេអ៊ូលបានប្រកាសពីផែនការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ជុំវិញការបង្ខំកម្លាំងពលកម្មក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣។

លោក យូន នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida)។ ប្រធានខុទ្ទកាល័យនៃគណរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាស៊ូណូ (Hirokazu Matsuno) បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា «កូរ៉េខាងត្បូងគឺជាអ្នកជិតខាងដ៏សំខាន់មួយ ដែលពួកយើងគួរតែសហការក្នុងការដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងសហគមន៍អន្តរជាតិ។ ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ លោក យូន ទៅកាន់ប្រទេសជប៉ុន នឹងជួយដល់ទំនាក់ទំនងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយផ្អែកលើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រួមទាំងការធ្វើទំនាក់ទំនងការទូតដែលមានលក្ខណៈធម្មតាឡើងវិញ»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីក្រុងសេអ៊ូល បានប្រកាសជាផ្លូវការថាក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់សំណងដល់ជនរងគ្រោះ ដែលរងគ្រោះដោយការបង្ខំឲ្យធ្វើការកំលុងពេលនៃអាណានិគមរបស់ជប៉ុនលើកូរ៉េ កាលពីឆ្នាំ១៩១០ រហូតដល់ឆ្នាំ១៩៤៥ ដើម្បីស្វែងរកការបញ្ចប់ជម្លោះដែលអាចប៉ះពាល់ដល់ កិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងជើង ដឹកនាំដោយសហរដ្ឋអាមេរិក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img