26 C
Phnom Penh
Wednesday, December 25, 2024

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ រីករាយនិងគាំទ្រ ចំពោះផែនការលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹក ដោយនឹងធ្វើឲ្យតម្លៃ នៃការដឹកជញ្ជូនថោកជាងមុន

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ ៖ លោក​ ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ដែលជាតំណាងឲ្យក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូនជាច្រើននោះ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញការគាំទ្រ និងពេញចិត្ត ចំពោះការដាក់ចេញផែនការ លើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹក ឲ្យបានកាន់តែច្រើន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ដល់ Puthinews។ លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា ការបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកនេះ នឹងជួយឲ្យតម្លៃនៃការដឹកជញ្ជូនថោកជាងមុន ព្រមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវ ដោយសារការដឹក លើសទម្ងន់ផងដែរ។

ជាមួយគ្នានោះ លោកក៏គាំទ្រផងដែរ ចំពោះគម្រោងបង្កើតបន្ថែមនូវផែរណបតាមដងទន្លេ របស់កំពង់ផែស្វយ័តភ្នំពេញ នាពេលខាងមុខ។ លោកថា ការបង្កើតបន្ថែមនូវផែរណបនេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការដឹកជញ្ជូន។

លោក ជា ចាន់ដារ៉ា លើកឡើងថា «ពេលអនាគតទៅ នៅពេលមានផែរណបច្រើន វាបានជួយសម្រួល ពីការដឹកជញ្ជូនរយៈពេលវែង មករយៈពេលខ្លី។ ដូច្នេះការជំរុញឲ្យមានការបង្កើតផែរណប និងការលើកកម្ពស់ ការដឹកជញ្ជូនតាមផ្លូវទឹកនេះ គឺវាល្អប្រសើរ, មួយវិញទៀត ពាក់ព័ន្ធជាមួយតម្លៃ នឹងមានភាពល្អប្រសើរមែនទែន ដែលនឹងធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជា កាន់តែល្អប្រសើរ»។

លោកប្រធានសមាគម ក៏បានបង្ហាញពីបញ្ហាប្រឈម នៅក្នុងវិស័យនៃការដឹកជញ្ជូននៅកម្ពុជា នាពេលបច្ចុប្បន្នដែរថា មានតម្លៃខ្ពស់ និងមានភាពយឺតយ៉ាវផងដែរ។ ដូច្នេះ គម្រោងបង្កើតផែរណបបន្ថែមនេះ គឺជាការល្អ ដែលអាចកាត់បន្ថយបញ្ហាប្រឈម បានមួយចំនួនធំ។ ជាមួយគ្នានោះ លោក ក៏បានអំពាវនាវ ឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមគោរពតាមច្បាប់ឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា ដើម្បីឲ្យវិស័យដឹកជញ្ជូនកាន់តែរីកចម្រើន។

គួររំលឹកថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីនេះ បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមជាក្រសួងសាធារណការ និងដឹកជញ្ជូន លោកបានគាំទ្រនិងខិតខំប្រឹងប្រែងជំរុញ ធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹក ឲ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយតម្លៃដឹកទំនិញ និងដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់។ លោកក៏បានចាត់ទុកគម្រោងរបស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងការបង្កើតផែរណបមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែមានប្រសិទ្ធភាពនោះ គឺជាយុទ្ធសាស្ត្រ និងគោលដៅ ដ៏ត្រឹមត្រូវបំផុត៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img