បន្ទាយមានជ័យ៖ អាជ្ញាធរធ្វើពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ នៅរង្វង់មូលព្រះវិស្ណុ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


ពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅរង្វង់មូលព្រះវិស្ណុ ក្រុងប៉ោយប៉ែត មានវត្តមានឯកឧត្តម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត់ហ៊ុលអភិបាលក្រុងប៉ោយប៉ែត រួមទាំងសមត្ថកិច្ចអាជ្ញាធរជុំវិញច្រកទ្វារព្រំដែនជាច្រើនរូបទៀត។


លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ រង្វង់មូលប៉ោយប៉ែតនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលដាក់រូបសំណាក់ព្រះវិស្ណុត្រូវបានកសាងជិតរួចរាល់ហើយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៣។ ចំពោះថវិកាដែលគម្រោងមានចំនួន១៩៥,០០០ដុល្លារ (មួយសែនប្រាំបួនម៉ឺនប្រាំពាន់ដុល្លារ) ដែលអំណោយរដ្ឋបាលក្រុងប៉ោយប៉ែត និងសប្បុរសជនក្រុងប៉ោយប៉ែត។
លោកអភិបាលបានបញ្ជាក់ថា៖ កាលពីមុនរង្វង់មូលប៉ោយប៉ែតនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវកសាងដាក់រូបសំណាក់ព្រះនរាយដោយស្ថានភាពរង្វង់មូលតូចចង្អៀតត្រូវកសាងថ្មីដោយដាក់រូបសំណាក់ព្រះវិស្ណុ រឺរូបសំណាក់ដៃប្រាំបីដែលកសាងដោយថ្មភ្នំយកពីខេត្តសៀមរាប។ រូបមានកម្ពស់៨ម៉ែត្រ និងទំហំរង្វង់មូលមានអង្កត់ផ្ចិតប្រហែល២០ម៉ែត្រ។ មានសួនច្បារ និងកន្លែងអង្គុយលេងកំសាន្តមានដាំផ្កា និងស្មៅដើមឈើដែលមានផ្លូវដែកកាត់ចំកណ្តាលសួនជាប់ខាងជើងរូបសំណាក់។


គួរបញ្ជាក់ផងដែរថា៖ នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ បន្ទាប់រដ្ឋបាលក្រុងចាប់ផ្តើមដាក់តំកល់រូបសំណាក់ ព្រះវិស្ណុនៅរង្វង់មូលក្រុងប៉ោយប៉ែត ឃើញថា មានករណីកើតមាន ហេតុការណ៍អគ្គីភ័យឆាបឆេះ ញឹកញាប់មានជាច្រើនករណី ដូចជា ភ្លើងឆេះកាស៊ីណូ ឆេះផ្ទះ ឆេះឃ្លាំង ឆេះព្រៃ និងទីលានចាក់សំរាមផ្សេងៗ ដែលប្រជាពលរដ្ឋមានជំនឿថា នេះដោយសារតែបរមីព្រះវិស្ណុ សូមឲ្យអាជ្ញាធរធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន តែនេះគ្រាន់តែជាជំនឿរបស់ប្រជាពលរដ្ឋដែលមានជំនឿមួយចំនួនបានលើកឡើងប៉ុណ្ណោះ។ តែករណីដែលបានឆាបឆេះ អគារកាស៊ីណូ, ឆេះផ្ទះ និងឆេះព្រៃកន្លងមក គឺ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី និងមានអ្នកដុតព្រៃតែប៉ុណ្ណោះ៕




ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News