27 C
Phnom Penh
Sunday, October 27, 2024

ប្រទេសអឺរ៉ុប ចំនួនបីផ្តល់រថក្រោះ១០០គ្រឿង ដល់អ៊ុយក្រែនទប់ទល់នឹងរុស្ស៊ី

កៀវ៖ ប្រទេសអ៊ឺរ៉ុបចំនួនបី នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាថា អ៊ុយក្រែននឹងទទួលបានរថក្រោះយ៉ាងហោចណាស់ ១០០គ្រឿង ក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែល រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក បូរីស ភីស្តូរៀស បានធ្វើដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកកាន់រដ្ឋធានីកៀវ។
ក្រសួងការពារជាតិអាល្លឺម៉ង់ ហូឡង់ និងដាណឺម៉ាក បានបញ្ជាក់ថា ការគាំទ្រ និងបណ្តុះបណ្តាល សម្រាប់ការប្រើប្រាស់រថក្រោះខ្លារខិន Leopard 1 នឹងត្រូវធ្វើឡើង នៅមុនការផ្តល់រថក្រោះទំនើបៗ បន្ថែមទៀតនាពេលអនាគត។

ដំណើរទស្សនកិច្ច របស់ប្រមុខការពារជាតិថ្មីរបស់អាល្លឺម៉ង់ខាងលើនេះ បានកើតឡើងពីរសប្តាហ៍ បន្ទាប់ពីទីក្រុងប៊ែរឡាំង បានយល់ព្រមផ្តល់រថក្រោះ ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនរបស់អាល្លឺម៉ង់។ ទីក្រុងប៊ែរឡាំង ក៏បានសន្យាដែរថា នឹងផ្តល់រថក្រោះរថក្រោះ Leopard 2 ថ្មីចំនួន ១៤គ្រឿង ដល់អ៊ុយក្រែនផងដែរ។
លោក ហ្សេលេនស្គី បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានជាមួយ លោក ភីស្តូរៀស ថាការសម្រេចចិត្តចុងក្រោយបំផុត ទាក់ទងនឹងការផ្គត់ផ្គង់រថក្រោះខ្លារខិន គឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់យើង។ យើងមិនចង់ផ្តល់ឱកាសដល់រុស្ស៊ី សម្រាប់ការវាយលុកថ្មីនោះទេ។

សរុបមក ទីក្រុងកៀវ និយាយថា ខ្លួនរំពឹងថានឹង ទទួលបានរថក្រោះទំនើបៗចន្លោះពី ១២០ ទៅ ១៤០គ្រឿង របស់លោកខាងលិច ខណៈដែលអ៊ុយក្រែន ត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីរបស់រុស្សី ដែលនឹងអាចកើតឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img