27 C
Phnom Penh
Monday, July 15, 2024

ប្រជាពលរដ្ឋ១០៣គ្រួសារ បន្ដស្នើសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំជួយពន្លឿនស្ថាប័នជំនាញ ចេញប្លង់កម្មសិទ្ធិដីលំនៅដ្ឋាន

ព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន១០៣គ្រួសារ រស់នៅចំណុចពយកំពេញ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បន្ដទទួអង្វរ លើកគ្នាមកសាលាខេត្ដព្រះសីហនុស្នើសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំខេត្ដ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយជម្រុញឲ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធចេញប្លង់កម្មសិទ្ធិដីលំនៅដ្ឋានរបស់ពួកគាត់ ខណៈដែលអ្នករស់នៅជិតពួកគាត់ គេបានទទួលប្លង់កម្មសិទ្ធិនោះ។

តំណាងប្រជាពលរដ្ឋ ប្រាប់ថា ពួកគាត់មករស់នៅទីនេះយូរយារណាស់មកហើយ ខ្លះតាំងពីឆ្នាំ១៩៨០ជាង អ្នកខ្លះតាំងពីឆ្នាំ១៩៩០ជាង ពួកគាត់ ស្នើសុំអភិបាលខេត្ដព្រះសីហនុ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជួយពន្លឿនមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ ជួយចេញប័ណ្ណកម្មសិទ្ធដីលំនៅដ្ឋានឲ្យពួកគាត់រស់នៅស្របច្បាប់ផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅរដ្ឋបាលខេត្ដឱ្យដោះស្រាយវាស់វែងរៀចំចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារ ដែលបានរស់នៅអាស្រ័យផលជាយូរមកហើយនោះ ឱ្យមានសិទ្ធិរស់នៅសមរម្យស្របច្បាប់។ ពួកគាត់ មានការខ្វាយខ្វល់ខ្លាំង ខណៈដែលអ្នកមានលុយ និងអ្នកមានអំណាចនៅជុំវិញពួកគាត់ បានទទួលប្លង់កម្មសិទ្ធិនោះ។ ពួកគាត់ សួរទៅអាជ្ញាធរមូលដ្ឋានសង្កាត់ រដ្ឋបាលក្រុង/ខេត្ដ ឆ្លើយមិនច្បាស់លាស់ជាមួយពួកគាត់ ដោយឆ្លើយដោលដាក់គ្នាពីក្រោមរហូតទៅដល់លើ (ពីភូមិ ដល់ ខេត្ដ) ទើបពួកគាត់ បន្ដទទួចស្នើសុំអន្ដរាគមន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីទៀតនោះ។

ទាក់ទិនរឿងប្រជាពលរដ្ឋ ១០៣គ្រួសារនេះ ចៅសង្កាត់លេខ៣ លោក កាន់ ឡឹង ប្រាប់ថា ករណីនេះ គណៈកម្មាធិការខេត្ដ នឹងរៀបចំនៅជំហ៊ានទី២ ហើយរឿងនេះ គឺខាងសាលាខេត្ដជារៀបចំនឹងដោះស្រាយ។ រីឯ អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ឯកឧត្ដម គួច ចំរើន មិនឆ្លើយតបនឹងអ្នកសារព័ត៌មានទេ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

គួររំឭកផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅរដ្ឋបាលខេត្ដព្រះសីហនុ និងជំនាញចុះត្រួតពិនិត្យវាស់វែងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារ នៅពយកំពេញ ដែលបាន និងកំពុងរស់នៅទីនោះជាយូរមកហើយឱ្យបានរស់នៅសមរម្យស្របច្បាប់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធខេត្ដព្រះសីហនុ។ បន្ទាប់មក ប្រជាពលរដ្ឋទាំង១០៣គ្រួសារ បានលើកគ្នាទៅសាលាខេត្ដព្រះសីហនុទៀត ដើម្បីបន្ដសុំអន្ដរាគមន៍ជួយជម្រុញជំនាញចុះវាស់វែងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យពួកគាត់ទៀត ព្រោះពួកគាត់បានដក់លិខិតស្នើសុំអន្ដរាគមន៍ជាច្រើនលើកតែមិនមានការឆ្លើយតប ទើបពួកគាត់ បានលើកគ្នាមកសាលាខេត្ដ (លោក ម៉ាង ស៊ីណេង អភិបាលរងខេត្ដព្រះសីហនុ) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ តែមិនមានដំណោះស្រាយទេ ដោយលោកអភិបាលរងខេត្ដ បានប្រាប់ថា “ការជួបជុំថ្ងៃនេះ គឺលោកប្រមូលសំណូមពរ និងឯកសារពាក់ព័ន្ធរបស់ប្រជាពលរេដ្ឋ ដើម្បីធ្វើរបាយការណ៍ជូនទៅឯកឧត្ដមអភិបាលខេត្ដព្រះសីហនុ សម្រាប់ជាព័ត៌មានលម្អិតក្នុងការចាត់ចែងជម្រុញទៅមន្ត្រីជំនាញរៀបចំដោះស្រាយ”។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img