27 C
Phnom Penh
Friday, October 25, 2024

បុរសម្នាក់ ត្រូវរថយន្តដឹកអេតចាយ បុកពីក្រោយ និងកិនស្លាប់នៅសង្កាត់ចោមចៅទី១ ខណៈជិះម៉ូតូឆ្លងស្ដុប

ភ្នំពេញ៖ បុរសម្នាក់ខណ:កំពុងជិះម៉ូតូឆ្លងស្តុប ក៏ត្រូវបានរថយន្តដឹកអេតចាយមួយគ្រឿង បើកបុកពីក្រោយ និងកិនអូសបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធម៍ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្តុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមសាក្សីដែលឃើញនៅកន្លែងហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកហុដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-5303 ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចផ្លូវបំបែកជាបួនក៏បានឆ្លងស្តុប ស្រាប់តែរថយន្តដឹកអេតចាយមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A-3654 បើកបរស្របទិសដៅគ្នាបោះពួយយ៉ាងលឿនទៅបុកពីក្រោយនិងអូសកិនជនរងគ្រោះស្លាប់ភ្លាមៗ។

ក្រោយពីបង្កហេតុ អ្នកបើករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែដោយសារបានអូសកិនម៉ូតូជនរងគ្រោះប្រហែលជាង ៥០ម៉ែត្រ ធ្វើឱ្យរថយន្តទៅមុខលែងរួច។ អ្នកបើកបរ និងប្រពន្ធ បានបើកទ្វាររថយន្តរួចចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ម៉ូតូរួម និងជនរងគ្រោះនៅកន្លែងកើតហេតុ។ 

ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី១ និងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិសែនជ័យ និងជំនាញក្រុងចុះទៅវាស់វែង និងធ្វើកំណត់ហេតុ រួចអូសរថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តបង្កយកទៅអនុវត្តតាមនីតិវិធី។ ចំណែកសាកសពសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img