ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ មានករណីគ្រោះចរាចរណ៍មួយ ដែលបើកបរដោយជនបរទេសម្នាក់ បានបើករថយន្តស៊េរីទំនើបប៉ះជាមួយម៉ូតូបត់ឆ្លងផ្លូវអូសជាង ៥០ម៉ែត្រ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ខាងមុខបុរីជីបម៉ុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីម៉ោង១១យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថោង ឌីណា អាយុ២៩ឆ្នាំ ជាអ្នកបើករថយន្តឱ្យក្រុមហ៊ុនមួយកន្លែង ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូម៉ាកហុងដា PCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GO-0318 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត ខណៈដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងផ្លូវបំណងត្រឡប់ក្រោយវិញ។ ភ្លាមៗនោះក៏មានរថយន្តស៊េរីទំនើបម៉ាក ALPHARDមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AV-2799 បើកបរដោយបុរសជនជាតិបរទេសម្នាក់ រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងអូសជិត៥០ ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយកើតហេតុរថយន្តបង្កបន្តទៅមុខជិត១០០ម៉ែត្រ បម្រុងបើករត់ តែត្រូវបានប្រជាពលរដ្ឋឃាត់បានរថយន្ត និងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន