ស្តាប់អត្ថបទជាសម្លេង
ក្រុមបុគ្គលិកសុខាភិបាលបានធ្វើការតវ៉ានៅក្នុងរដ្ឋធានីនៃប្រទេសហ្វីលីពីននៅថ្ងៃពុធនេះដើម្បីទាមទារឲ្យបញ្ចប់នូវអ្វីដែលពួកគេចាត់ទុកថាជាការធ្វេសប្រហែសរបស់រដ្ឋាភិបាល និងទាមទារប្រាក់អត្ថប្រយោជន៍ ខណៈដែលសម្ពាធបានធ្លាក់ទៅលើមន្ទីរពេទ្យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រុមបាតុករបានស្លៀកសម្លៀកបំពាក់ការងារជំងឺកូវីដ-១៩និងប្រមូលផ្តុំគ្នានៅមុខក្រសួងសុខាភិបាលហ្វីលីពីនដោយមានកាន់បដាទាមទារឲ្យផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ពួកគេដែលប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងពេលព្យាបាលអ្នកជំងឺ និងឲ្យរដ្ឋមន្ត្រីសុខាភិបាលលោក ហ្វ្រង់ស៊ីស្កូ ឌូកិ (Francisco Duque) ចុះចេញពីតំណែង។
ក្នុងចំណោមករណីបាត់បង់ជីវិតរបស់អ្នកជំងឺកូវីដ-១៩ប្រមាណ៣៣,៤០០នាក់នៅក្នុងប្រទេសហ្វីលីពីនគឺមានបុគ្គលិកសុខាភិបាលចំនួន១០៣នាក់ផងដែរ។
ប្រធានសម្ព័ន្ធបុគ្គលិកសុខាភិបាលបាននិយាយថា «វាគឺជាការសោកស្តាយដែលមិត្តរួមការងារយើងជាច្រើននាក់បានស្លាប់ និងឆ្លងជំងឺកូវីដ-១៩ និងច្រើននាក់ទៀតបានដាក់ពាក្យសុំឈប់ ឬជ្រើសយកការចូលនិវត្តន៍មុនអាយុ ប៉ុន្តែយើងនៅតែអំពាវនាវសុំឲ្យផ្តល់នូវប្រាក់អត្ថប្រយោជន៍ដល់ពួកយើង» ។
សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែសីហា លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានទុកពេល១០ថ្ងៃឲ្យក្រសួងសុខាភិបាលនិងក្រសួងហិរញ្ញវត្ថុរៀបចំប្រាក់អត្ថប្រយោជន៍ឲ្យបុគ្គលិកសុខាភិបាលបន្ទាប់ពីក្រុមគិលានុបដ្ឋាកគំរាមឈប់ពីការងារ និងក្រុមសហជីពព្រមានធ្វើកូដកម្ម។
គិលានុបដ្ឋាកម្នាក់បាននិយាយថា «រដ្ឋាភិបាលបានសន្យាផ្តល់ប្រាក់អត្ថប្រយោជន៍ដល់ពួកយើង ប៉ុន្តែរហូតមកទល់ពេលនេះយើងនៅមិនទាន់ទទួលបាននៅឡើយទេ។ ពួកយើងដូចជាអ្នកសុំទាន។»
មន្ទីរពេទ្យជាច្រើននៅហ្វីលីពីនបានរ៉ាប់រងការងារលើសពីសមត្ថភាពដោយសារវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ធ្វើឲ្យករណីឆ្លងនិងស្លាប់កើនឡើង។ គិតត្រឹមថ្ងៃពុធនេះ ហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ-១៩សរុបជាង២លាននាក់ក្នុងនោះមានអ្នកស្លាប់សរុបជាង៣៣,០០០នាក់៕
អត្ថបទនឹងរូបភាពដោយ៖ Puthi news