◦ សៀមរាប៖ សាលាអនុគណក្រុងសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បានសម្រេចបិទវត្តពោធិលង្កា ហៅវត្តពោធិ៍លើ ស្ថិតនៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីព្រះសង្ឃនៅក្នុងវត្តនេះបានបង្កើតអរិភាពមិនចេះចប់។


◦ ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានមានថេរដីកាថា ការសម្រេចបិទវត្តពោធិលង្កាជាបណ្តោះអាសន្ននាពេលនេះ ធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កានេះ បន្ទាប់ពីកើតមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រង។ ព្រះអង្គបន្តថា បន្ទាប់ពីការសម្រេចនេះ គណៈសង្ឃខេត្ត និងក្រុង និងធ្វើការរៀបចំវត្តនេះឡើងវិញ។


◦ យោងតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយក លេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា (ពោធិ៍លើ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដូចខាងក្រោម៖


◦ ១. បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ ២. បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូត្រស្ដាំ ៣. បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញ ស៊ីន ពី គ្រូសូត្រឆ្វេង និងទី៤.បញ្ចប់មុខតំណែង ភិក្ខុ ពីវិន័យធរ។


◦ ដោយឡែក សេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែវិច្ឆិកានេះ របស់សាលាអនុគណក្រុងសៀមរាប បានឲ្យដឹងថា សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិ កា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កាឲ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប។


◦ យោងតាមេសចក្តីជូនដំណឹងដដែលបានឲ្យដឹងថា នៅក្នុងវត្តពោធិលង្កានេះ មានព្រះសង្ឃ គង់នៅសរុប ចំនួន ១៤០ អង្គ និង តាជី យាយជី ក្មេងវត្ត មានចំនួន ៣១ នាក់ ក្នុងនោះ សាលាអនុគណ បានតម្រូវឲ្យព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន ៣៨ អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌ ។ ចំណែកព្រះសង្ឃចំនួន ១០២ អង្គទៀត រួមជាមួយតាជី យាយជី និង ក្មេងវត្តចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។


◦ លិខិតជូនដំណឹងដដែល បានបញ្ជាក់យ៉ាងច្បាស់ថា សាលាអនុគណក្រុងមិនអនុញ្ញាតឲ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើបុគ្គលណាមួយមិនព្រមចាកចេញតាមការជូនដំណឹងនេះ សាលាអនុគណក្រុង និងសហការជាមួយកម្លាំងមានសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ឬ ខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។


◦ ពាក់ព័ន្ធឈានដល់ការបិទវត្តពោធិលង្កានេះ ត្រូវបានប្រជាពលរដ្ឋ ដែលនៅជិតវត្ត សម្តែងនូវការសាទរយ៉ាងខ្លាំង ពីព្រោះព្រះសង្ឃនៅក្នុងវត្តនេះ បានបង្កើតបក្ខពួក និងតែងតែបង្កជម្លោះនៅក្នុងវត្តជាហូរហែរ និងជាយូរឆ្នាំណាស់មកហើយ។ ប្រជាពលរដ្ឋរំពឹងថា ចំណាក់ការរបស់គណៈសង្ឃនាយក និងគណៈសង្ឃខេត្តនេះ នឹងប្រែក្លាយទីអារាមមួយនេះ ឲ្យក្លាយជាទីកន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទឡើងវិញ៕


◦ ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News