29 C
Phnom Penh
Friday, December 20, 2024

បង់ក្លាដែសចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

ក្រុមមន្ត្រីបាននិយាយថា ប្រទេសបង់ក្លាដែសបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់កាលពីថ្ងៃអង្គារនៅជំរំជនភៀសខ្លួនដ៏ធំបំផុតនៅលើពិភពលោកក្នុងគ្រាដែលករណីឆ្លងបានកើនឡើងនៅក្នុងប្រទេសនេះ។

មន្ត្រីសុខាភិបាលនៅក្នុងស្រុក ខកបាហ្សារ (Cox’s Bazar) បាននិយាយថា ពលរដ្ឋរ៉ូហ៊ីងយ៉ាប្រហែល៤៨,០០០នាក់ដែលមានអាយុចាប់ពី៥៥ឆ្នាំឡើងទៅនឹងទទួលបានការចាក់វ៉ាក់សាំងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ដោយមានជំនួយពីទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ។

បុគ្គលិកផ្តល់ជំនួយធ្លាប់បានព្រមានជាយូរមកហើយអំពីគ្រោះមហន្តរាយមនុស្សធម៌ដែលអាចកើតមានប្រសិនបើមានការផ្ទុះឡើងខ្លាំងនៃជំងឺកូវីដ-១៩នៅជំរំជនភៀសខ្លួនក្នុងស្រុក ខកបាហ្សារ (Cox’s Bazar) ដែលជាកន្លែងស្នាក់នៅរបស់ពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាជាង១លាននាក់ដែលបានរត់គេចពីការបង្ក្រាបដ៏សាហាវរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កាលពីពេលថ្មីៗនេះមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩នៅក្នុងជំរំនោះដោយមានអ្នកឆ្លងប្រហែល២ម៉ឺននាក់និងមានអ្នកស្លាប់ចំនួន២០០នាក់ក្នុងចំណោមជនភៀសខ្លួនចាប់តាំងពីជំងឺកាចសាហាវនេះផ្ទុះឡើងកាលពីឆ្នាំមុនមក។

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែសកំពុងតស៊ូទប់ទល់នឹងការកើនឡើងគួរឲ្យកត់សម្គាល់នៃករណីឆ្លងនិងបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយគិតត្រឹមថ្ងៃអង្គារមានអ្នកឆ្លងសរុបជាង១.៣៦លាននាក់និងមានអ្នកបាត់បង់ជីវិតសរុបចំនួន២២,៨៩៧នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img