ស្តាប់អត្ថបទជាសំឡេង
ថៃ៖ ធនាគារសន្សំរដ្ឋាភិបាលថៃ (GSB) គ្រោងនឹងចាប់ផ្តើមផ្តល់កញ្ចប់ថវិកាកម្ចីសម្បទាន (កម្ចីការប្រាក់ទាប ឬគ្មានការប្រាក់) ចំនួន ៥ពាន់លានបាត នៅខែក្រោយនេះ ដើម្បីជួយដល់អ្នកបាត់បង់ការងារ ក្នុងគោលបំណងបង្កើតការងារចំនួន ១០ម៉ឺនកន្លែង។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
គោលដៅប្រាក់កម្ចីរួមមានមនុស្សដែលត្រូវបញ្ឈប់ពីការងារបន្ទាប់ពីក្រុមហ៊ុន ឬរោងចក្រត្រូវបានបិទទ្វារ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
ធនាគារគ្រោងផ្តល់ប្រាក់កម្ចីសម្បទាន ក្នុងចន្លោះពី ៣ម៉ឺន-១០ម៉ឺនបាត ក្នុងមួយកម្ចីអាស្រ័យលើផែនការវិនិយោគរបស់ពួកគេ។
ធនាគារនេះ នឹងផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដាក់ពាក្យសុំសម្រាប់មុខរបរ ដូចជា ជាងកាត់សក់ ឬជាងអគ្គីសនី។
ក្រៅពីនេះធនាគារ ក៏នឹងផ្តល់កម្ចីដល់អតិថិជនដែលចង់ទិញអាជ្ញាប័ណ្ណ Franchise ឬបើកហាងកាហ្វេនៅក្នុងសហគមន៍របស់ពួកគេផងដែរ។
ជាមួយគ្នានេះ នៅពេលអ្នកខ្ចីមានប្រាក់ចំណូលប្រកបដោយនិរន្តរភាពពួកគេគួរតែអាចសងប្រាក់កម្ចីទៅធនាគារវិញបាន។
យោងតាមការិយាល័យស្ថិតិជាតិថៃ គិតត្រឹមត្រីមាសទី ២ឆ្នាំនេះ ភាពអត់ការងារនៅប្រទេសថៃធ្វើមានចំនួន ២ភាគរយនៃកម្លាំងពលកម្មសរុប ៣៨,៨លាននាក់ ប្រហែល ៧៦ម៉ឺននាក់៕
អត្ថបទ និងរូបភាពដោយ៖Puthinews