28 C
Phnom Penh
Wednesday, December 4, 2024

ទូតសុឆន្ទៈក្រសួងកិច្ចការនារី ប្តេជ្ញាបំពេញតួនាទី ឱ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាច និងជាគម្រូសម្រាប់ស្ត្រី និងក្មេងស្រីកម្ពុជា

ភ្នំពេញ ៖ កញ្ញា រ៉េត សារីតា ទូតសុឆន្ទៈក្រសួងកិច្ចការនារី ដែលទើបតែងតាំងកាលពីពេលថ្មីៗនេះ បានប្តេជ្ញានឹងបំពេញតួនាទីនេះ ឱ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាព។ នេះបើយោងតាមក្រសួងកិច្ចការនារី បានចេញផ្សាយឱ្យដឹង នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។
កញ្ញាទូតសុឆន្ទៈ បានលើកឡើងថា “នាងខ្ញុំនឹងបំពេញតួនាទីនេះឱ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្រ្តី និងជាគម្រូសម្រាប់ស្រ្តី និងក្មេងស្រីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ សីលធម៌សង្គម និងសុខុមាលភាព ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះ របស់អ្នកទាំងនោះ”។

គួររំឭកថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ តាមរយៈ ZOOM ជាមួយកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ប្រកបដោយបរិយាបន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតី លោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចកានារី ជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី។

គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺផ្តល់កិច្ចសហការក្នុងការរួមគ្នា លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីប្រកបដោយបរិយាបន្ន រួមទាំងក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាសក្នុង ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គម លើស្រ្តី និងក្មេងស្រី ក្រុមជនងាយរងគ្រោះ និងក្រុមបាត់បង់ឱកាស សំដៅរួមចំណែកកាត់បន្ថយរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាគ្រប់រូបភាព និងឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា “ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ” ៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img