ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនេះដែរ ក៏មានតំណាងអញ្ជើញសួរសុខទុក្ខកងវរសេនាតូចលេខ១ ការពារតំបន់ថ្មធំ កងវរសេនាតូចលេខ២ ប្រចាំការទិសច្រកអានសេះ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកងវរសេនាតូចលេខ១ និងលេខ២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនទិសប្រាសាទតាក្របី ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងនាមជាសម្ព័ន្ធមេត្រីភាព តាមរយៈតំណាងររបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញា នៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសម្តែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ដោយពុំខ្លាចការនឿយហត់ និងបានអរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះនេះ លោករដ្ឋមន្រ្តី លឹម គានហោ ក៏បានឧបត្ថម្ភដល់បញ្ជាការដ្ឋាន និងបណ្តាកងវរសេនាតូច ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួនមួយសែនរៀល ក្នុងនោះរួមមាន៖

១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន១.៣៦១នាក់
២- កងវរសេនាតូចលេខ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន១១០នាក់
៣- កងវរសេនាតូចលេខ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន២០៣នាក់
៤- កងវរសេនាតូចលេខ០១ និងលេខ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន២៧០នាក់៕






ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News