ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនជាង១០០គីឡូក្រាម ដែលត្រូវបានប្រទះឃើញនៅក្នុងរថយន្តជនជាតិឡាវដែលបើកបុករបាំងពុះចែកទ្រូងផ្លូវនៅខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នោះ កំពុងមានការចោទប្រកាន់លើមន្ត្រីត្រួតពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ចន្លោះប្រហោងក្នុងការត្រួតពិនិត្យ ឲ្យចរាចរណ៍ដល់រាជធានីភ្នំពេញ។
រថយន្តម៉ាកហីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខឡាវ៣៧៧៧ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជារថយន្តដែលបានចេញពីប្រទេសឡាវ ឆ្លងកាត់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ហើយបន្តឆ្ពោះដល់រាជាធានីភ្នំពេញពេលជួបគ្រោះថ្នាក់ចរាចរណ៍ទើបដឹងថាក្នុងនោះពោរពេញដោយគ្រឿងញៀនជាង១០០ដុំ នៅក្នុងវាលី។
ក្រោយការប្រទះឃើញគ្រឿងញៀន ក្នុងរថយន្តខាងលើមន្ទីរប្រឆាំងគ្រឿងញៀន ក ៩ បានបង្កើតក្រុមការងារស៊ើបអង្កេតពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងប្រទេស។
នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០៣ ក្រុមការងារដែលមានសមាសភាព មន្ទីរប្រឆាំងគ្រឿងញៀន ក ៩ ស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរខេត្តបានទៅដល់ប៉ុស្តិ៍ច្រកទ្វារនិងសាក
សួរមន្ត្រីត្រួតពិនិត្យប្រចាំច្រក ព្រមទាំងបង្គាប់បញ្ជាឲ្យបើកបង្ហាញពីសកម្មភាពក្នុងកាមេរ៉ាសុវត្ថិ
ភាពផងដែរ។
លោក ញ៉ែម បូរឹម ប្រធានប៉ុស្តិ៍ស្តីទីច្រកទ្វារអន្តរជាតិជាតិត្រពាំងគ្រៀលបានបញ្ជាក់យ៉ាងម៉ុតមាំថា រាល់ការចេញចូលរបស់ភ្ញៀវដែលត្រូវឆ្លងកាត់ មន្ត្រីរបស់លោក គឺបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់មុនពេលចេញពីច្រក ហើយការពិនិត្យទៅលើសម្ភារ៖នៅក្នុងប៉ុស្តិ៍គឺ មានទាំងម៉ាស៊ីនស្គែនដែលអាចមើលឃើញពីវត្ថុមិនប្រក្រតីនោះផងដែរ។
លោកបន្តថា លោកបានគ្រប់គ្រងតែក្នុងដែនសមត្ថកិច្ចរបស់លោកប៉ុណ្ណោះ ពាក់ព័ន្ធរឿងរថយន្តដដែលដឹកគ្រឿងញៀននោះ គឺបង្កើតឲ្យមានបទល្មើសនៅកន្លែងផ្សេងគឺផុតដែនលោកមិនដឹងទេ។
លោក ផៃ រស្មី ស្នងការងទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់សារព័ត៌មានថា លោក ជាសមាជិកចូលរួមក្នុងក្រុមការងារស៊ើបអង្កេត រឿងរថយន្តដឹកគ្រឿងញៀនខាងលើ លោកសុំមិនបកស្រាយចំពោះករណីស៊ើបអង្កេតនេះ។
លោកបាននិយាយបន្ថែមទៀតថា ទុកពេលជូនគណៈកម្មការបង្ហាញអំពីលទ្ធផលស៊ើបអង្កេត។ បើចង់ច្បាស់សួរទៅថ្នាក់ខេត្ត ដែលមានអភិបាលរងខេត្តម្នាក់ គាត់បានចូលរួមក្នុងគណៈកម្មការនោះដែរ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News