ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយដាក់ឱ្យដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាស៊ីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយបូមទឹកថ្មីវត្តភ្នំ ជាតំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំមិនមានការលិចលង់ទៀតទេ។
មន្ទីរសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្នុងរយៈពេល១៨ថ្ងៃ ដែលមានភ្លៀងធ្លាក់ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរនៅជុំវិញវត្តភ្នំ ពោលគឺ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ។ ទន្ទឹមនឹងនេះ ការដ្ឋានក៏បានដាក់ឱ្យដំណើរការលូខ្នាតធំបណ្តោះអាសន្ននៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោកក្នុងរយៈពេល៣ថ្ងៃមកនេះ ជាលទ្ធផលឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាពល្អប្រសើរ មិនរងការលិចទឹកទៀតដែរ។
ក្រៅពីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យចូលរួមទុកដាក់សំរាមឱ្យបានស្រូលបួល និងធ្វើការសម្អាតសំរាមដែលមានការកកស្ទះមុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួន៕
អត្ថបទ និងរូបភាពដោយ៖ Puthi News