26 C
Phnom Penh
Saturday, July 27, 2024

ឆមាសទី១ ឆ្នាំ២០២១ បង្រ្កាបគ្រឿងញៀនបានជាង៣២០០ករណី និងឃាត់ខ្លួនមនុស្សជាង៧២០០នាក់

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ជនសង្ស័យគ្រឿងញៀនចំនួន ៧២៦៣នាក់ (ស្រី ៤០៦នាក់)  ក្នុងនោះមានជនបរទេសចំនួន១៤៤នាក់ (ស្រី១៤នាក់)  មាន៨សញ្ជាតិ  ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៣២៥៩ករណី  នៅទូទាំងប្រទេសកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១។  នេះបើយោងតាមរបាយការណ៍បង្ក្រាបគ្រឿងញៀន  ដែលទទួលបាននៅល្ងាចថ្ងៃទី៣១  ខែសីហា  ឆ្នាំ២០២១។ 

ក្នុងចំណោមជនសង្ស័យទាំង៧២៦៣នាក់ រួមមាន ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងមានចំនួន ២១៣១ករណី ចាប់ខ្លួនមនុស្សចំនួន៤១៥៨នាក់ (ស្រី ២៧៦នាក់) និងដាំដុះចំនួន  ២៨ករណី ឃាត់មនុស្សចំនួន៦នាក់ (ស្រី ៣នាក់) ប្រើប្រាស់ចំនួន១១០០ករណី ចាប់ខ្លួនមនុស្សចំនួន៣០៩៩នាក់ (ស្រី ១២៧នាក់) អនុវត្តដីកាចំនួន២២៩ដីកា ចាប់ខ្លួន២១១នាក់ (ស្រី០៩នាក់)។

ចំពោះសារធាតុញៀនគ្រប់ប្រភេទចាប់យកសរុបចំនួន៧៥៣គីឡូក្រាម៩៣៣,១៨ក្រាម និងកញ្ឆាស្ងួត៦៣គីឡូក្រាម១១០,៩៥ក្រាម។  ចំណែកសម្ភារចាប់យកមាន  រថយន្ត៦១គ្រឿង ម៉ូតូ១០១៥គ្រឿង ទូរស័ព្ទ៣២៥៤គ្រឿង ជញ្ជីង១៦២គ្រឿង អាវុធខ្លី២៦ដើម អាវុធវែង១៩ដើម (កែច្នៃ១៨ដើម)  លុយខ្មែរ៨,៣៩៤,២០០រៀល លុយដុល្លារ ១,២៦៤ដុល្លារ លុយថៃ ២៤,៤២០បាត និងលុយវៀតណាម ២១,០០០ដុង។ 

ក្រៅពីនេះក៏បានឃាត់ទុកទ្រព្យសម្បត្តិមាន  ផ្ទះ និងដី ២កន្លែង ក្នុងនោះ មន្ទីរ(ក៤) ផ្ទះ និងដី១កន្លែង ភូមិអំបិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផ្ទះ និងដី ១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img