30 C
Phnom Penh
Saturday, July 27, 2024

ចិន​បង្កើន​ថវិកា​ផ្នែកយោធា ដើម្បីទប់ទល់ការគំរាមកំហែង​កាន់តែ​ខ្លាំងដល់សន្តិសុខជាតិចិន

ប៉េកាំង៖ ប្រទេសចិននឹងបង្កើនការចំណាយផ្នែកយោធាច្រើនជាងប្រាំពីរភាគរយនៅឆ្នាំនេះ ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងដល់សន្តិសុខជាតិរបស់ចិន ជាពិសេសជុំវិញបញ្ហានៅកោះតៃវ៉ាន់។

ការបង្កើនថវិកាផ្នែកការពារជាតិនេះ ត្រូវបានប្រកាសដោយសភាប្រជាជនចិន ដែលនឹងអនុម័តគាំទ្រអាណត្តិទី៣ សម្រាប់តំណែងប្រធានាធិបតីចិនរបស់លោក ស៊ី ជីនភីង (Xi Jinping)។

ថវិកាយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង មានទំហំប្រហែល២២៥ពាន់លានដុល្លារ ប៉ុន្តែនៅទាបជាងទ្ទង់ចំណាយសម្រាប់យោធាសហរដ្ឋអាមេរិក ដែលច្រើនជាងថវិកាយោធាចិន រហូតដល់បួនដង។

ចំណែកអ្នក​វិភាគ​ជឿ​ថា ចិនបានទម្លាក់ទំហំការចំណាយ​លើ​វិស័យ​ការពារ​ជាតិ គឺជាការលេងសើចដើម្បីបំភាន់ពិភពលោក។

លោក លី ខឺឈៀង (Li Keqiang) នាយក​រដ្ឋមន្ត្រីជិតផុតអាណត្តិ បាន​ប្រាប់អង្គសភាថា «ការ​ប៉ុនប៉ង​ពីខាង​ក្រៅ​ដដើម្បកៀបសង្កត់ និង​ទប់​ស្កាត់​ការរីកចម្រើនរបស់ចិន​ កំពុង​តែកើន​ឡើង»។

លោក​បាន​មាន​ប្រសាសន៍​ថា «កង​កម្លាំង​ប្រដាប់​អាវុធត្រូវតែ​បង្កើន​ការ​ហ្វឹក​ហាត់​ផ្នែកយោធា និងត្រៀម​ខ្លួន​ជាស្រេច នៅគ្រប់ឋានុក្រម»។

សភាក៏នឹងប្រកាសផងដែរ នៅក្នុងកិច្ចប្រជុំថាប្រទេសចិននឹងបន្តកាត់បន្ថយគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣នេះ នៅត្រឹមប្រហែលប្រាំភាគរយប៉ុណ្ណោះ។

សម័យប្រជុំទាំងពីរ គឺជាកិច្ចប្រជុំប្រចាំឆ្នាំ ប៉ុន្តែសម័យប្រជុំនៅឆ្នាំនេះ មានសារៈសំខាន់ពិសេស ជាងគេ ដោយសារគណៈប្រតិភូចូលរួមប្រជុំ នឹងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធគន្លឹះក្នុងជួរបក្សកុម្មុយនិស្ត និងនៅតាមស្ថាប័នសំខាន់ៗមួយចំនួន ក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល។

កិច្ចប្រជុំរបស់សភាប្រជាជនចិន នៅសប្តាហ៍នេះ ក៏នឹងបោះឆ្នោតគាំទ្រជាផ្លូវការនូវការដឹកនាំប្រទេសរបស់លោក ស៊ី ជីនភីង និងបន្តជ្រើសរើសលោកជាប្រធានាធិបតីចិន និងជាអគ្គមេបញ្ជានៃកងទ័ពរំដោះប្រជាជនចិន។។

លោក​ ស៊ី ជីនភីង បានបន្តកាន់អំណាច​ប្រទេសចិន​ កាលខែ​តុលា​ ឆ្នាំ​២០២២ នៅ​ពេលបក្ស​កុម្មុយនិស្ត​ បោះឆ្នោតជ្រើសរើសលោកជាមេដឹកនាំចិន នៅអាណត្តិ​ទី៣ថែមទៀត។

ការកើនឡើងនៃចំណាយលើវិស័យយោធាចិន បានកើតឡើងនៅពេលលោក ស៊ី ជីនភីង កំពុងស្វែងរកដំណោះស្រាយផ្នែកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលកាន់តែអាក្រក់ឡើងៗ ជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន និងរឿងបាឡុងចារកម្មចិន នាពេលថ្មីៗនេះ រួមទាំងទទួលរងការរិះគន់ចំពោះទំនាក់ទំនងល្អរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

មន្ត្រីសហរដ្ឋអាមេរិក ក៏បានព្រមានម្តងហើយម្តងទៀតថា ចិនអាចនឹងឈ្លានពានកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។  ប្រទេស​ចិន​ចិនបង្ហាញ​កម្លាំង​យោធយោធផ្នែកដែនអាកាស និង​ដែនសមុទ្រ​ ដោយដាក់ពង្រាយនៅជុំវិញ​កោះ​តៃវ៉ាន់ រួម​ទាំង​ការ​ធ្វើសមយុទ្អបាញ់​មីស៊ីល​ផ្លោង​ផង​ដែរ។

សភាប្រជាជនចិន ក៏នឹងបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីថ្មី គឺលោក លី ឈៀង (Li Qiang) ដើម្បីមើលការខុសត្រូវផ្នែកសេដ្ឋកិច្ច និងផ្នែករដ្ឋបាលរបស់រដ្ឋាភិបាលចិន៕

ដោយ ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img