ស្តាប់អត្ថបទជាសំឡេង
តាកែវ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម០៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់ចាប់ខ្លួន នៅថ្ងៃទី០៨ ខែតុលារ ឆ្នាំ២០២១ បន្ទាប់ពីបែកគំនិតលួចលុយថៅកែខ្លួនឯងបានចំនួន០៤ថ្ងៃ ដោយសារគ្មានលុយសែនភ្ជុំបិណ្ឌ។ ករណីនេះបានកេីតឡេីងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។
អំពើលួចមានស្ថានទម្ងន់ទោសនេះ ជនសង្ស័យបានលួចចូលផ្ទះរបស់ជនរងគ្រោះឈ្មោះ វង់ រាំង ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ បានចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ (ទៅធ្វើចំការ)។ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់រួមមាន លុយដុល្លារចំនួន៣,៨០០ដុល្លារ លុយខ្មែរចំនួន ៨,០០០,០០០រៀល មាសជាង៣ដម្លឹង។
ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ហេីយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យបាន១នាក់ មានឈ្មោះ សុខ សាន (ហៅ ហេង) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់មកជនសង្ស័យក៏ឆ្លើយសារភាពថា ក្នុងសកម្មភាពលួចនោះមានការចូលរួមពីបក្សពួកចំនួន២នាក់ ទៀត គឺឈ្មោះ កច់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ឈ្មោះ ហ៊ីង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិហាន្ទា ឃុំកំពែង ស្រុកគិរីវង់។ ទាំង២នាក់នេះបានរត់គេចខ្លួនបាត់។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកអុិចសុីទ័រ ពណ៌ខ្មៅ១គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង មាសសរុបចំនួន៣តម្លឹង៤ជី៧ហ៊ុន ១,៥លី លុយដុល្លារចំនួន ៩៧០ដុល្លារ ប្រាក់រៀលចំនួន១,៤៧១,២០០រៀល។ បច្ចប្បន្ន ជនសង្ស័យដែលចាប់ខ្លួន កំពុងកសាងសំណុំរឿងតាមនីតិវិធី រីឯជនសង្ស័យ២នាក់ ទៀតកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ និងរូបភាពដោយ៖ Puthinews