25 C
Phnom Penh
Thursday, October 31, 2024

គម្រោងUSAIDព្រៃឡង់បៃតង កំពុងធ្វើសារពើភណ្ឌ វាយតម្លៃស្តុកកាបូន ដើម្បីពង្រីកការលក់ទៅទីផ្សារអន្តរជាតិ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ គម្រោងUSAID ព្រៃឡង់បៃតង បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារបានកំពុងធ្វើសារពើភណ្ឌព្រៃឈើ ដើម្បីវាយតម្លៃស្តុកកាបូននៅទូទាំងគម្រោងរ៉េដបូក (Carbon Redd+)នៅតំបន់ទេសភាពខ្ពង់រាបភាគខាងជើង ហើយនេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងរ៉េដបូកបី ដែលគម្រោងUSAID ព្រៃឡង់បៃតង កំពុងគាំទ្រ។ គម្រោងរ៉េដបូកនៅតំបន់ទេសភាពខ្ពង់រាបភាគខាងជើងរួមបញ្ចូលដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពព្រះរកា ឆែបនិងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ 

ដើម្បីវាយតម្លៃស្តុកកាបូនក្រុមការងារបានកំណត់តំបន់ចំនួន៤៣កន្លែង នៅក្នុងតំបន់ការពារធម្មជាតិខាងលើ។ ក្រុមការងារនឹងប្រើប្រាស់ទិន្នន័យដែលបានមកពីតំបន់ទាំងនោះ ដើម្បីប៉ាន់ប្រមាណស្តុកកាបូន ដែលមាននៅក្នុងទីតាំងគម្រោងរ៉េដបូកទាំងមូលដោយអនុលោមតាមស្តង់ដារកាបូនភាគីទី៣ និងក្របខណ្ឌរ៉េដបូករបស់កម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន (Carbon Redd+) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំ២ មានដូចជា Disney និង Shall ក្នុងគម្រោងចំនួន០២ មាននៅ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង)។  ដោយមន្ត្រីអះអាងថា ថវិកាទាំងនេះបានយកទៅជួយអភិវឌ្ឍគម្រោងអភិរក្សព្រៃឈើ សត្វព្រៃ និងជួយប្រជាសហគមន៍នៅក្នុងតំបន់ទាំងអស់នោះ។

បើតាមលោក នេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ការលក់ឥណទានកាបូន ធ្វើឡើងតាមរយៈការអនុវត្តរ៉េដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រ៉េដបូកមានគោលបំណង (១) ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង (២) ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល ។ អនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment) ។

បច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតាស្មើប្រមាណ៤១% នៃប្រទេសកម្ពុជា ដែលជាប្រភពផ្ដល់កាបូន គេអាចហៅបែបសាមញ្ញថាខ្យល់បរិសុទ្ធនោះ។ ដូចនេះនៅពេលដែលព្រៃឈើត្រូវបានរក្សាឱ្យនៅគង់វង្ស យើងអាចទទួលបានមកវិញនូវហិរញ្ញវត្ថុតាមរយៈការលក់កាបូន។ ការលក់កាបូនមិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍រួមដល់ប្រជាសហគមន៍ទេ វាថែមទាំងផ្តល់ជាហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ដើម្បីអភិរក្សតំបន់ការពារធម្មជាតិទាំងនោះវិញទៀតផង៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img