ស្តាប់អត្ថបទជាសម្លេង
បាត់ដំបង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់ទៅដល់ក្រសួងអប់រំយុវជន និងកីឡា ធ្វើការពិភាក្សា ជាមួយនឹង អាជ្ញាធររាជធានី ខេត្ត ស្វែងរកលទ្ធភាព ដើម្បីបើកឱ្យដំណើរការសាលារៀនឡើងវិញ បន្ទាប់ពី បានខកខានអស់រយៈពេលជាច្រើនខែ ដោយសារ ការរាតត្បាត នៃជំងឺកូវីដ-១៩នោះ នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាតំណាង លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង និងសហការីបានចុះពិនិត្យទីតាំងជាក់ស្តែង ឃ្លាំងទុកចោល ដែលមិនមានសកម្មភាពអាជីវកម្ម នៃរោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើជាមណ្ឌលចត្តាឡីស័កនៅតំបន់ព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ។


លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ឱ្យដឹងថា បេសកកម្មក្នុងការចុះពិនិត្យលើទីតាំងឃ្លាំងនិងរោងសម្ងួតដំឡូងមីនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងារ បានធ្វើការពិនិត្យនិងវាយតម្លៃថា ទីតាំងឃ្លាំងនិងរោងសម្ងួតដំឡូងមីទាំងនេះ មានលក្ខណៈសមស្រប ក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ដែលជំនួសឱ្យទីតាំងអគារសាលារៀនបច្ចុប្បន្ន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបានបន្តទៀតថា នៅក្នុងដំណើរការនៃចុះពិនិត្យនោះផងដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ បានសម្រេចយកឃ្លាំងដែលទុកចោលចំនួន០២ឃ្លាំង និងរោងសម្ងួតដំឡូងមីចំនួន០១ ដោយត្រូវធ្វើការរៀបចំជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ឋ ជាពិសេសលើបញ្ហាបរិស្ថាននិងអនាម័យជាដើមចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១តទៅ ។
លោកបានបញ្ជាក់ទៀតថា ឃ្លាំង និងរោងសម្ងួតដំឡូងមីនេះ អាចទទួលពលករឱ្យចូលមកធ្វើចត្តាឡីស័ក បានចំនួនប្រមាណ៣ ០០០នាក់ ដែលអាចធ្វើការជំនួសអគារសិក្សាបច្ចុប្បន្នមួយចំនួននៅតាមខ្សែបន្ទាត់ប្រំដែន ដែលកំពុងជាប់ធ្វើមណ្ឌលចត្តាឡីស័ក ហើយនឹងត្រូវបានបើកឱ្យដំណើរការឡើងវិញ ដើម្បីឱ្យសិស្សានុសិស្សបានចូលសិក្សានាពេលខាងមុខ ។


លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងថា ចំពោះឃ្លាំងចំនួន២ទីតាំងទៀត នឹងពិនិត្យលទ្ធភាពតាមក្រោយបន្តទៀត ស្របទៅតាមលំហូរចូលមករបស់ពលករ ជាក់ស្តែង ។
លោក អភិបាលរងខេត្តបាត់ដំបង បានបន្តទៀតថា បច្ចុប្បន្ន ក្រុមការងាររបស់នាយឧត្តមសេនីយ៍ ខេង សុមេធ បាននិងកំពុងមមាញឹកដើម្បីរៀបចំធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ឋនៅទីតាំងរោងម៉ាស៊ីនកែច្នៃអង្ករ ស្ថិតនៅភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន សម្រាប់ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដែលមណ្ឌលព្យាបាលនេះ គឺអាចដាក់អ្នកជំងឺបានចំនួន២.៥០០នាក់ គឺស្មើនឹង២៥០០គ្រែផងដែរ ៕




អត្ថបទ និងរូបភាពដោយ៖ Puthi News