24 C
Phnom Penh
Sunday, December 22, 2024

ខេត្តកំពង់ឆ្នាំងថ្ងៃដំបូងនៃការបើកតំបន់ទេសចរណ៍ ឡើងវិញមានភ្ញៀវមកកម្សាន្តជាង៨ពាន់នាក់

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ នៅថ្ងៃដំបូងនៃការបើកតំបន់ទេសចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំង ឡើងវិញក្រោយពីបិទមួយរយៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានភ្ញៀវមកលេងកម្សាន្តជាង ៨ពាន់នាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ។ 

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិ និងសួនកម្សាន្តទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានបិទផ្អាកដំណើររយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ហើយនៅថ្ងៃទី០៧ ខែតុលា ដែលជាថ្ងៃដំបូងនៃការបើកឲ្យដំណើរការឡើងវិញ មានភ្ញៀវទេសចរណ៍ជាតិមកលេងមានចំនួន៨.១១៦នាក់។ ក្នុងនោះរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ដែលមានទីតាំង ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស មានភ្ញៀវមកលេងច្រើនជាងគេមានចំនួន២.៩៧៥នាក់។ 

លោកបានឱ្យដឹងទៀតថា នៅតាមតំបន់ទេសចរណ៍នីមួយៗ រៀបចំបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល។  លោកប្រធានមន្ទីរក៏បានអំពាវនាវផងដែរ ដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺ ៣កុំនិង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕ 

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img