កែប៖ នៅក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប គឺមានមុំយុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ចំនួន៤ ក្នុងនោះរួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ៍ និងប៉ូលតំបន់ប្រជុំកោះ ដើម្បីបង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។
ថ្លែងក្នុងឱកាសនោះ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ខេត្តកែបមានឆ្នេរអង្កោលមួយ ដែលជាឆ្នេរធម្មជាតិ ហើយមានប្រវែង វែងជាងគេ ប៉ុន្តែមិនអាចលេងកម្សាន្តបានដោយសារបញ្ហាមួយចំនួន ដែលទាមទារមានការឱ្យមានការររៀបចំឱ្យបានល្អ ដើម្បីកែប្រែឆ្នេរនេះក្លាយទៅជាទីកន្លែងដ៏ទាក់ទាញនាពេលខាងមុខ។ ក្រៅពីឆ្នេរខ្សាច់ដែលនៅតាមបណ្តាកោះនានា ក៏ត្រូវការដាក់បញ្ជូលឱ្យស្ថិតក្នុងតំបន់នៃការអភិវឌ្ឍ ក្រៅតែពីកោះទន្សាយ និងកោះពោធិ៍។
លោកបញ្ជាក់ថា តាមរយៈសេចក្ដីព្រាងផែនការមេនេះ នឹងប្រែក្លាយទៅគោលដៅទេសចរណ៍ផ្ទះទី២ របស់អ្នកទេសចរវ័យចំណាស់។ លោកថា ប្រជាជនបារាំង ជប៉ុន ចិន ដែលសម្បូរទៅដោយកំណើនមនុស្សចាស់ច្រើននោះ ក៏បានស្វែងរកគោលដៅទេសចរណ៍សុខមាលភាពផងដែរ ដូច្នេះខេត្តកែបត្រូវមានយុទ្ធសាស្ត្រទាក់ទាញទេសចរទាំងនេះ។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការ អភិវឌ្ឍទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ក្នុងការសិក្សារៀបចំផែនការមេនេះ ក្រុមការងារអន្តរក្រសួងក៏បានសិក្សាពីបទពិសោធន៍ នៃការអភិវឌ្ឍទីក្រុងទេសចរណ៍ របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម។
លោកបន្តថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ យុទ្ធសាស្ត្រទីផ្សារផ្សព្វផ្សាយទេសចរណ៍ខេត្តកែប មានការផ្សព្វផ្សាយអំពីកិត្តិនាមទេសចរណ៍សុវត្ថិភាព សុខភាព និងមានម្ហូបអាហារឆ្ងាញ់ ក្នុងន័យ នឹកឃើញខេត្តកែប គឺមានកិត្តិនាមគោលដៅទេសចរណ៍សុវត្ថិភាព មានអាហារសមុទ្រឆ្ងាញ់ៗ ផ្ដល់សុខភាពល្អ ជាដើម។ ក្នុងនោះលោកក៏បានបង្ហាញគម្រោងការទាក់ទាញផលិតកម្មភាពយន្ត ក្រុមផលិតករល្បីៗមកចូលរួមថតភាពយន្ត ថតវីដេអូកម្សាន្ត ថត Pre-Wedding ជាដើម។
លោកបន្ថែមថា បើយើងទាញបានផលិតកម្មល្បីបាន គឺជាជោគជ័យមួយក្នុងការផ្សព្វផ្សព្វពីសក្តានុពលខេត្តរបស់យើង៕
អត្ថបទ និងរូបភាពដោយ៖ Puthinews