ខេត្តព្រះវិហារ៖ក្រុមហ៊ុន ដោន ដែលស្ថិត នៅខេត្តព្រះវិហារ បានរងការរិះគន់ថាធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង។
យោងតាមប្រភពសារព័ត៌មាននៅក្នុងស្រុកបានដឹងថាក្រុមហ៊ុន ដោន សង្ស័យបានប្រមូលឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ រួចដឹកចូលក្រុមហ៊ុន បំលែងឱ្យឈើជាស្របច្បាប់។
ក្នុងនោះមានប្រភេទ ឈើលេខ១ផ្ចឹក ស្រឡៅ ត្រាច ឈ្លីច នឹងឈើលេខ២ ឈើទាលផ្តៀករួចបំលែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC) លើកឡើងដាក់ឡានខ្នាតយក្យ យកទៅលក់នៅតាមបណ្តាលខេត្ត មួយចំនួន។
ប្រភពដដែលបន្តថានៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានរថយន្តម៉ាកវេអង (V1 ) ចំនួន៣គ្រឿងដឹកឈើពេញប្រៀប ចេញពីក្រុមហ៊ុន ដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិលេខ៦២ មកដល់ត្រង់ចំណុចភូមិចំការស្រម៉ូវ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បែងមានជ័យ សហការជាមួយអាវុធហត្ថក្រុង ឃាត់បាន១គ្រឿង ដើម្បីត្រួតពិនិត្យ។
ចំណែក២គ្រឿងទៀត មិនឈប់អោយត្រួតពិនិត្យនោះទេ នៅក្នុងប៉េសេ មានឈើសរុបចំនួន១៧ម៉ែត្រគូប កម្ពស់ពីបាទទ្រុង១ម៉ែត្រ តែឈើផ្ទុកក្នុងឡានពេញដល់ដំបូលលើ អាចមិនក្រោមជាង៣០ មែត្រគូបឡើយ។ តែទោះជាយ៉ាងណាបន្ទាប់ពីត្រួតពិនិត្យរថយន្តរួច ត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយបន្តដំណើរទៅមុខទៀត។
ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី២៩ ខែ៥ឆ្នាំ ២០២២ មានរថយន្តចំនួន៤គ្រឿងដឹកឈើចេញពីក្រុមហ៊ុន ដោន ផងដែរ។
សូមបញ្ជាក់ថា ក្រុម ហ៊ុន ដោន ត្រូវបានទទួលសិទ្ធិ ដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីពន្ធសួយសារ ជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទានបានអស់ជាយូឆ្នាំមកហើយ។ ប៉ុន្តែឈើដែលក្រុមហ៊ុន ដោន កំពុងដឹកជញ្ជូនសឹងប្រេះផ្លូវជាតិនោះ អាចជាឈើដែលក្រុមហ៊ុនប្រមូលឈើ អនាធិបតេយ្យចេញពីព្រៃការពារគូលែនព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារ ព្រះការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ។
ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋ នៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណា ចុះទប់ស្កាត់ឡើយ។
ជុំវិញករណីនេះ លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះអាងថា មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញឡើយ។ លោកថា កូនចៅរបស់លោក នៅក្បាលដំរីចំនួន២ក្រុម បើសិនជាមានដឹកឈើចេញពីចំណុចខាងលើមែនចាំលោកសួទៅកូនចៅរបស់លោក។
ចំណែក លោក ឃាង វិរិ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយទូរសព្ទ័ខលមិនចូល។
ចំពោះការលើកឡើងបែបនេះ សារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដោន នៅឡើយទេ ដោយមិនមានលេខទាក់ទង។
ដោយឡែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា ក្រុមហ៊ុនដោន មានស្តុកឈើជាង ១០០០ម៉ែត្រត្រីគុន កំពុងត្រៀមកាត់ប៉េសេរ(PC) ដើម្បីដឹកចេញពីក្រុមហ៊ុន៕
អត្ថបទ និងរូបភាពដោយ៖ Puthinews