ស្តាប់អត្ថបទជាសម្លេង
ប៉ូលិសប្រទេសក្រិក កាលពីថ្ងៃសៅរ៍ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹក ដើម្បីបំបែកការធ្វើបាតុកម្មរបស់មនុស្សរាប់រយនាក់ដែលតវ៉ាប្រឆាំងនឹងការតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជាកំហិត។
អាជ្ញាធរបាននិយាយថា ក្រុមអ្នកតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងប្រមាណ ២.៥០០នាក់បានគប់ដុំភ្លេីងទៅលើប៉ូលិសដែលកំពុងរារាំងពួកគេមិនឱ្យចូលទៅក្នុងកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្មមួយជាកន្លែងដែលនាយករដ្ឋមន្រ្តីក្រិកកំពុងថ្លែងសុន្ទរកថា។
ការតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ បានចាប់ផ្តើមនៅក្នុងខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឲ្យបុគ្គលិកសុខាភិបាលទាំងអស់ និងបុគ្គលិកនៅតាមមណ្ឌលថែទាំមនុស្សចាស់ត្រូវតែចាក់វ៉ាក់សាំងជាកំហិត។
បុគ្គលិកសុខាភិបាលជួរមុខជិត ៦.០០០នាក់ត្រូវបានព្យួរពីការងារដោយសារពួកគេមិនបានចាក់វ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់មួយដូស តាមការកំណត់នៅត្រឹមថ្ងៃទី០១ ខែកញ្ញា។
កាលពីដើមខែនេះ រដ្ឋាភិបាលបានផ្តល់ឱកាសលេីកទី២ ឱ្យបុគ្គលិកសុខាភិបាលដែលមិនបានចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំង និងបានអនុញ្ញាតឱ្យអ្នកដែលត្រូវបានព្យួរពីការងារអាចត្រលប់មកធ្វើការវិញ។
សហជីពការងារវិស័យសុខាភិបាលព្រួយបារម្ភថា បុគ្គលិកសុខាភិបាលដែលមិនបានចាក់វ៉ាក់សាំងសរុបចំនួន ១០.០០០នាក់អាចត្រូវបានព្យួរពីការងារ ដែលនេះបង្កការរំខានទៅដល់ប្រតិបត្តិការនៅតាមមន្ទីរពេទ្យដែលកំពុងខ្វះបុគ្គលិកពេទ្យស្រាប់ក្នុងគ្រាដែលករណីឆ្លងវីរុសកូវីដ-១៩ នៅតែខ្ពស់។
យោងតាមតួលេខផ្លូវការ ពលរដ្ឋក្រិកប្រហែល ៥,៧លាននាក់ ឬប្រមាណ ៥៥% នៃពលរដ្ឋសរុប បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញហើយ ខណៈដែល ៥៩% បានចាក់វ៉ាក់សាំងមួយដូស៕
អត្ថបទ និងរូបភាពដោយ Puthinews