ស្តាប់អត្ថបទជាសម្លេង
ក្រុមតាលីបង់ កាលពីថ្ងៃអង្គារ បានប្រកាសថា សិទ្ធិរបស់ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវបានគោរពនៅក្នុងក្របខ័ណ្ឌច្បាប់អ៊ីស្លាម។
នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់ក្រុមនេះចាប់តាំងពីបានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យមក អ្នកនាំពាក្យម្នាក់បាននិយាយថា ស្ត្រីនឹងមានសេរីភាពក្នុងការធ្វើការ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចអំពីច្បាប់ និងការរឹតត្បិតផ្សេងៗទៀត។
លោក ហ្សាប៊ីហ៊ូឡា មូចាហ៊ីដ (Zabihullah Mujahid) បាននិយាយថា «យើងនឹងអនុញ្ញាតឱ្យស្ត្រីធ្វើការ និងទៅរៀននៅក្នុងក្របខ័ណ្ឌរបស់យើង។ ហេីយស្ត្រីនឹងចូលរួមយ៉ាងសកម្មនៅក្នុងសង្គមរបស់យើង»។
ជាមួយគ្នានោះ លោកបានបញ្ជាក់ម្តងទៀតថា ពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ត្រូវរស់នៅ «ក្នុងក្របខ័ណ្ឌនៃច្បាប់អ៊ីស្លាម»។
កាលពីព្រឹកថ្ងៃអង្គារ ក្រុមតាលីបង់បានប្រកាសពីការលើកលែងទោសជាទូទៅនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយនឹងមិនយកទោសក្រុមមន្ត្រីរដ្ឋាភិបាលមុន និងអ្នកដែលធ្លាប់បានធ្វេីការឲ្យរដ្ឋាភិបាលបរទេសនោះទេ ហើយបាននិយាយថាខ្លួនចង់ឱ្យស្ត្រីចូលរួមជាមួយរដ្ឋាភិបាលរបស់ខ្លួន។
ក្រុមសិទ្ធិមនុស្សនានាបារម្ភថា សេរីភាពរបស់ស្ត្រីអាចត្រូវបានបំផ្លាញនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។
សូមរំលឹកថា ក្រុមតាលីបង់បានដឹកនាំតាមគោលការណ៍ដ៏តឹងរ៉ឹងដែលខ្លួនបានប្រតិបត្តិតាមច្បាប់សាសនាអ៊ីស្លាម សារៀ (Sharia) នៅពេលដែលពួកគេបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ១៩៩៦ និង ២០០១។
នៅពេលនោះ ស្ត្រីត្រូវស្លៀកពាក់បិទបាំងរាងកាយជុំជិត ហើយក្រុមតាលីបង់ក៏មិនអនុញ្ញាតឱ្យក្មេងស្រីអាយុ ១០ឆ្នាំឡើងទៅទៅសាលារៀនដែរ៕
អត្ថបទ នឹង រូបភាព Puthi News