30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងសាធារណការ ពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៧

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីតាមដានវឌ្ឍនភាពការងារទាក់ទងនឹងតួនាទី និងភារកិច្ច សមាជិកសមាជិកាគណៈកម្មការត្រៀមរៀបចំការរៀបចំសុន្ទរកថាសម្រាប់ថ្នាក់ដឹកនាំ ការងារគ្រប់គ្រង បច្ចេកទេសប្រព័ន្ធវីដេអូពីចម្ងាយ ការរៀបចំ Backdrop ការរៀបចំឯកសារពាក់ព័ន្ធសម្រាប់ដំណើរកិច្ចប្រជុំ ការផ្តល់សេវាបកប្រែសម្រាប់ភាសាពាក់ព័ន្ធ ការរៀបចំពិធីការសម្រាប់តំណាងប្រទេសចូលរួម ការជ្រើស រើសតំណាងស្ថាប័ន-ក្រសួងពាក់ព័ន្ធចូលរួមកិច្ចប្រជុំ ក៏ដូចជាដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីសមាជិកសមាជិកាគណៈកម្មការរៀបចំ។

ខណៈដឹកនាំកិច្ចប្រជុំនេះលោក ឡេង ធនយុទ្ធា បានស្នើឱ្យក្រុមការងារពាក់ព័ន្ធជួបជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីជជែកលម្អិតទាក់ទងនឹងការងារគ្រប់គ្រងបច្ចេកទេសប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីធានាឱ្យដំណើរការកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយភាពរលូនទាំងការគ្រប់គ្រប់សំឡេង រូបភាព និងការចែកឯកសារពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញសម្រាប់កិច្ចប្រជុំ និងបានស្នើឱ្យផ្តល់ឯកសារជារូបភាពជាក់ស្ដែងដូចជា៖ Backdrop និងការរៀបចំកន្លែងអង្គុយជាដើម ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យ។

កិច្ចប្រជុំនេះគ្រោងនឹងពិភាក្សាបន្តនៅខែតុលាខាងមុខ ដើម្បីតាមដានវឌ្ឍនភាព ការងារនិងត្រៀរៀបចំ សំដៅធ្វើយ៉ាងណាឱ្យដំណើរការកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ អាចប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា តាមការគ្រោងទុក។

គួរបញ្ជាក់ ថា កម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន៕


អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img