29 C
Phnom Penh
Tuesday, October 22, 2024

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន សន្យាបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំង២

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំង២ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មានអង្គការចាត់តាំងល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំ និងចុះហត្ថលេខាលើផែនការការងារស្ដីពី ការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និង លោក ចាវ ឃើជី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ភាគទាំង២ បានឯកភាពគ្នាបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ឱ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក ក្នុងនោះរួមមាន ការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ការប្រកួតកីឡារដូវរងា ទីក្រុងប៉េកាំងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ដែលប្រារព្ធធ្វើនៅកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា ការឯកភាពគ្នានេះ ធ្វើឡើងបន្ទាប់ថ្នាក់ដឹកនាំប្រទេសទាំង២ មើលឃើញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ដោយសម្តេចក្រឡាហោម ស ខេង និងលោក ចាវ ឃើជី បានចុះហត្ថលេខាលើផែនការការងារស្តីពី ការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត បម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

ដោយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗនាពេលជាង២ឆ្នាំកន្លងមក បន្ទាប់ពីការចាប់ផ្តើមដំណើរការអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ កាលពីខែមីនា ឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង និងលោក ចាវ ឈើជី ក៏បានចែករំលែក និងផ្លាស់ប្តូរទៅវិញទៅមក នូវសភាពការណ៍សន្តិសុខទូទៅ ព្រមទាំងបានកត់សម្គាល់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូរីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ ជាពិសេសកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img