30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងធម្មការ ណែនាំឲ្យគ្រប់វត្តអារាម និងទីតាំងសាសនា រៀបចំឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ទៅតាមប្រពៃណីសាសនា ដោយត្រូវអនុវត្តវិធានការការពារនានា របស់ក្រសួងសុខាភិបាល

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ ដោយគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម ព្រះពុទ្ធសាសនា និងពាហិសាសនា ត្រូវរៀបចំឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ទៅតាមប្រពៃណីសាសនា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយត្រូវអនុវត្តវិធានការការពារនានា របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាស់កំដៅ រក្សាអនាម័យលាងដៃសាប៊ូឬជែល និងរក្សាគម្លាតសង្គម-បុគ្គល ជាពិសេសទៅប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។


ជាមួយគ្នានោះ ក្រសួងក៏បានណែនាំដល់គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម ព្រះពុទ្ធសាសនា ពាហិសាសនា រៀបចំតាំងព្រះបរមឆាយាល័ក្ខ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក។
ក្នុងសេចក្តីណែនាំនោះ, ក្រសួងធម្មការនិងសាសនា ក៏បានណែនាំឲ្យប្រធាននាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក។

ក្រសួងធម្មការ និងសាសនា បានបង្ហាញដែរថា ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គយាងចូលព្រះទីវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មអាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»។
សេចក្តីណែនាំ បានឲ្យដឹងដែរថា ការប្រារព្ធនូវពិធីគោរពព្រះវិញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ គម្រប់៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺ
ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍គ្រប់វិស័យ៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img