30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងធនធានទឹកអះអាងថា ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ មិនទាន់ទទួលរងជំនន់មកពីប្រទេសថៃនៅឡេីយទេ។

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់នៅតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មិនទាន់មានទឹកធ្លាក់មកពីថៃនៅឡេីយទេ ដូចជា ច្រកក្បាលស្ពាន ស្ថិតនៅស្រុកម៉ាឡៃ, ច្រកអូរល្ងុង ស្ថិតនៅក្រុងប៉ោយប៉ែត, ច្រកអូរបីជាន់ ស្ថិតនៅស្រុកអូរជ្រៅ, ច្រកអូរកំបុត ស្ថិតនៅស្រុកថ្មពួក។ នេះបេីយោងតាមការឱ្យដឹងពី ក្រសួងធនធានទឹក និងឧតុនិយម។

ការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនេះបន្ទាប់ពី មានការជូនដំណឹងរបស់អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា ស្ថានភាពទឹកនៅក្នុងស្រុកអារញ្ញប្រាថេត បានកំពុងហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ ដោយកម្ពស់ទឹកហក់ឡើងខ្ពស់ដូចនេះ បណ្តាលមកពីឥទ្ធិពលកម្ពស់ទឹកហក់ឡើងខ្ពស់នៅតំបន់ខៅយ៉ៃ នៃខេត្តនគររាជសីម៉ា ប្រទេសថៃ។ លក្ខណៈបែបនេះ នឹងបង្កឱ្យផ្នែកខ្លះក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងទទួលរងឥទ្ធិពលទឹកជំនន់ពីប្រទេសថៃក្នុងកម្រិតធ្ងន់ធ្ងរផងដែរ។

ទោះយ៉ាងនេះក៏ដោយ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនឹងមន្ត្រីពាក់ព័ន្ធ បានប្រាប់ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ឱ្យត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស។

ដូច្នេះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមនឹងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img