ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ដាក់ឱ្យអនុវត្តស្តង់ដារប្រតិបត្តិអប្បបរមា តាមគន្លងប្រក្រតីភាពថ្មី ដល់ប្រភេទអាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្ត “ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី” សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលកំពុងធ្វើសកម្មភាព ដែលរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនាឱកាសនៃការរៀបចំពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តស្ដង់ដា SOP តាមគន្លងប្រក្រតីភាពថ្មី តាមប្រព័ន្ធវីដេអូអនឡាញថា ការធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ខាងលើ បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីតាមស្ថានភាពបច្ចុប្បន្ន។ វិធានសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍។
មូលដ្ឋានអាជីវកម្មទេសចរណ៍ណា ដែលនឹងអាចបំពេញបានតាមលក្ខណៈវិនិច្ឆ័យដូចបានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ នឹងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩។
លោករដ្ឋមន្ត្រីបានបន្តថា ការជំរុញឱ្យមានការអនុវត្តបទដ្ឋានគតិយុត្តខាងលើនេះ គឺដើម្បីជួយឱ្យអាជីវកម្មទេសចរណ៍ទាំង៤ ប្រភេទធំៗខាងលើ អាចធ្វើសកម្មភាពអាជីវកម្មរបស់ខ្លួនបានផង និងសម្របខ្លួនរៀនរស់ក្នុងប្រក្រតីភាពថ្មីមួយផងដែរ។
លោកបន្តទៀតថា នៅពេលអាជីវកម្មទេសចរណ៍ទាំង៤នេះ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីទាំងនេះបានត្រឹមត្រូវ នឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរ ដែលកត្តានេះគឺជាការប្រែក្លាយចំពោះការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីជំរុញការទាក់ទាញទេសចរក្នុងស្រុក និងអន្តរជាតិ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News