26 C
Phnom Penh
Saturday, July 27, 2024

ក្រសួងការពារជាតិ បើកផ្លូវឱ្យស្ថាប័នជំនាញប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមស្លាកលេខ ខ.ម

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយចំណូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងដើម្បីបង្ហាញពីភក្តីភាពឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ពជំនាញ និងនាយកសា្ថប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស្តីពី ការអនុវត្ត លើការប្រមូលពន្ធ ចំពោះយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ(ខ.ម)។

យោងតាមសេចក្តីណែនាំដោយ នាយឧត្តមសេនេយ៍ វង្ស ពិសេង អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើការណែនាំដែលមានចំនួន៥ចំណុចគឺ៖ 

១- គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវសារាចរណែនាំលេខ០២ សរ.ណ.ន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា លិខិតជូនដំណឹងលេខ៤៨២ ស.ជណហ.ធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹងលេខ១៩៨៣/២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសេចក្តីសម្រេចនានាផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការពារជាតិស្ដីអំពី ការបង់ពន្ធយានយន្តឯកជនដែលជ្រកក្រោមផ្លាកលេខខេមរភូមិន្ទ(ខ.ម)។

២- គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ជាពិសេសការគោរពនូវឋានានុក្រមកងទ័ព និងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល និងច្បាប់ជាធរមាន។

៣- បញ្ឈប់រាល់ការស្នើប័ណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្ដី។ ត្រូវយករថយន្តចង្កូតស្ដាំកែទៅជាចង្កូតឆ្វេង រីឯរថយន្តចង្កូតឆ្វេង ដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានយន្តការកំណត់ដូចក្នុងសេចក្តីជូនដំណឹងលេខ១៩៨៣/២១.អ គ.រ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។

៤- អប់រំជាបន្ទាន់ដល់យោធិនថ្នាក់ក្រោមឱ្យយល់ និងចូលរួមរំលែកការលំបាករបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ឱ្យហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងស្មោះត្រង់ដាច់ខាតឥតងាករេ ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

៥- បញ្ឈប់ជាបន្ទាន់នូវការបន្តប្រើប្រាស់ដោយខុសច្បាប់ ការផ្ទេរដោយការធ្វើអំណោយ ការជួល ឬការលក់រថយន្តផ្លាកលេខខេមរភូមិន្ទទៅឱ្យអ្នកដទៃ។ ប្រសិនបើរកឃើញថា មានហេតុការណ៍ខាងលើនេះ កើតមានឡើង យោធិននោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img