ស្តាប់អត្ថបទជាសំឡេង
ភំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលគិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្តសរុប៦៦៤.៦៩៧នាក់។
គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តកំពត កែប ព្រះសីហនុ ពោធិ៍សាត់ កំពង់ស្ពឺ,បាត់ដំបង កំពង់ចាម និងសៀមរាប។
ថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។
ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ ចំណែកបន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រឡប់ចូលភ្នំពេញវិញ។
នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានីខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។
គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។
វិស័យឯកជន រាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ រួមទាំងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមមូលដ្ឋានផ្ទាល់ ពិសេសនៅគោលដៅទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពរីករាយក្នុងការដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ទាំងនេះគឺជា បង្កើតជាក្តីសង្ឃឹមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្ម មុខរបរ និងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរបន្តទៀតនាឱកាសឈប់សម្រាកនានា នៅពេលខាងមុខ ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews