30 C
Phnom Penh
Saturday, July 27, 2024

ក្នុងខែសីហា សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្នុងរយៈពេល១ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង ៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។ ករណីល្មើសដែលបង្ក្រាបបានទាំងនោះរួមមាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន ៣៥៥ករណី ករណីប្រើប្រាស់មានចំនួន ៨៤ករណី និងករណីសំយោគកែច្នៃ១ករណី។ នេះបើយោងតាមផេកហ្វេសប៉ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កិច្ចប្រតិបត្តិការកាលពីខែសីហាកន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន ១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង ១,៤ភាគរយ។ ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជនសង្ស័យក្នុងករណីជួញដូរ និងរក្សាទុកមានចំនួន ៦៥០នាក់ ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀនចំនួន ២១០នាក់ និងជនសង្ស័យក្នុងករណីសំយោគ កែច្នៃមាន ១នាក់។ មានជនបរទេស ២១នាក់ ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។ 

ថ្វីដ្បិតថាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការកើនឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហា ចំនួនគ្រឿងញៀនដែលសមត្ថកិច្ចចាប់យកបានថយចុះចំនួន ១៦១គីឡូក្រាម និង ៥៤៨,១៧ក្រាម ថយចុះ ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួន ៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត ២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដា ដោយសារសមត្ថកិច្ចបង្ក្រាបបានករណីធំៗ។ 

គ្រឿងញៀនដែលចាប់បានក្នុងខែសីហាឆ្នាំ២០២១ រួមមាន មេតំហ្វេតាមីនម្ស៉ៅជាង ៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា ៣៥គីឡូក្រាម, អ៊ិចស្រ្តាសុីជាង ១២គីឡូក្រាម, កេតាមីនជាង ៧គីឡូក្រាម, Ninetazepamជាង ២០០ក្រាម និងកញ្ឆាស្ងួតជាង ១គីឡូក្រាម។ ក្នុងចំណោមករណីបង្ក្រាបបាននេះដែរ បទល្មើសគ្រឿងញៀនចាប់ពី១គីឡូក្រាមឡើងទៅមាន ៤ករណី ស្មើនឹង៤ក្រុម ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ បណ្ដាញ៨នាក់ ព្រមទាំងមានគ្រឿងញៀនសរុបករណីនេះដល់ទៅជាង ២០គីឡូក្រាម សាធាតុផ្សំសរុបជាង ២គីឡូក្រាម និងកញ្ឆាស្ងួតជាង ១គីឡូក្រាម។ 

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង បានសំណូមពរដល់សាធារណៈជន ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ដើម្បីអាចបន្តរួមកម្លាំងសាមគ្គីជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្ស ជាពិសេសធនធានយុវជន ដែលជាសសរទ្រូងប្រទេសជាតិ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img