ស្តាប់អត្ថបទជាសម្លេង
បាត់ដំបង៖ រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការនិងដឹកជញ្ជូន លោក តូច ចាន់កុសល នៅក្នុងការបើកដំណើរការជាផ្លូវការនូវកំណាត់ផ្លូវអាស៊ានហាយវេទី១ (កំណាត់ផ្លូវជាតិលេខ៥) បាត់ដំបង បន្ទាយមានជ័យ មានប្រវែងជាង៨៤គ.ម ដែលបានចំណាយថវិកាអស់ជាង១៦០លានដុល្លារ បានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ ចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះតទៅ ។
លោក តូច ចាន់កុសល បានរំលឹកថា កំណាត់ផ្លូវមួយខ្សែនេះ បានរៀបចំបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ហើយដំណើរការសាងសង់បានប្រព្រឹត្តទៅយ៉ាងសកម្ម ។
លោក បានឱ្យដឹងថា ផ្លូវនេះជាប្រភេទផ្លូវ៤គន្លង ដែលមានទទឹង២៣ម សម្រាប់តំបន់ជនបទ និង២៨មសម្រាប់តំបន់ទីប្រជុំជន ដោយចំណាយថវិកាក្នុងការសាងសង់សរុប១៦០,៦លានដុល្លាសហរដ្ឋអាមេរិច។ ចំពោះខេត្តបាត់ដំបង មានផ្លូវវាងក្រុងបាត់ដំបងមួយខ្សែដែលមានប្រវែងសរុប២៣.៩២គ.ម និងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ប្រវែង២២.៣៥គ.ម ដែលមានសួនច្បារនៅកណ្ដាល ដោយមានដាំដើមត្របែកព្រៃ និងចំពោះផ្នែកផ្លូវវាងក្រុង មានដាំដើមក្ងោក នៅត្រឹមព្រំដី។
លោក បានបន្តទៀតថា ចំពោះផ្លូវចាប់ពីផ្លូវជាតិទៅដល់ព្រំដី គឺមិនអនុញ្ញាតិឱ្យមានការសាងសង់ឬធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវឡើយ ព្រោះផ្លូវចំណីផ្លូវពីផ្លូវថ្នល់រហូតដល់ព្រំដី ដែលមានដាំដើមក្ងោក រាជរដ្ឋាភិបាលបានធ្វើការដោះស្រាយ និងទិញពីប្រជាពលរដ្ឋរួចរាល់ហើយ ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវឱ្យកាន់តែធំ និងមានដើមឈើសងខាងផ្លូវ ដូច្នេះបើសិនជាមានករណីណាមួយខុសពីការកំណត់របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត នឹងធ្វើការចាត់វិធានការនានាដែលបានកំណត់ទៅលើបុគ្គលណាដែលបានរំលោភបំពានផ្លូវចំណី ឬសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវ ។
លោក បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានតម្លៃថ្លៃជាងបណ្ដាប្រទេសជិតខាង ដូច្នេះបន្ទាប់ពីផ្លូវវាងក្រុងបាត់ដំបងនេះបើកឱ្យធ្វើចរាចរណ៍នឹងជួយបង្កើនល្បឿននៃការដឹកជញ្ជូនទំនិញ កាត់បន្ថយថ្លៃប្រេង និងការចំណាយផ្សេងៗផងដែរ ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦គ.ម គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លា ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ។
ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ចកើត-លិចទី២ ដ៏មានសក្ដានុពលសម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាង បាងកក-ភ្នំពេញ-ហូជីមិញ ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News