ស្តាប់អត្ថបទជាសម្លេង
កំពង់ស្ពឺ៖ កំណាត់ផ្លូវខេត្តមួយខ្សែដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៤៤ ក្រុងច្បារមន ទៅកាន់ឃុំក្រាំងចេក ស្រុកឧដុង្គ ត្រូវបានជួសជុលស្តារឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ក្រោយរងការខូចខាតពិបាករធ្វើដំណើរ និងមានការត្អូញត្អែរពីប្រជាពលរដ្ឋ។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទឹកជំនន់កាលពីឆ្នាំ២០២០ បានបំផ្លាញ និងខូចខាតផ្លូវជាច្រើនខ្សែ ក្នុងនោះមានផ្លូវកៅស៊ូ និងផ្លូវដីល្បាយថ្មភ្នំ។ តែក្រោយទឹកជំនន់បញ្ចប់ទៅផ្លូវទាំងនោះត្រូវបានជួសជុល និងស្តារឡើងវិញជាបន្តបន្ទាប់ ដោយក្រុមបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កងវិស្វកម្មក្រសួងការពារជាតិ កងវិស្វកម្មក្រសួងមហាផ្ទៃ ក្រោមអាណាបក្ខក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវខេត្តលេខ១៤៤០ ដែលតភ្ជាប់ពីផ្លូវខេត្តលេខ៤៤ នៃក្រុងច្បារមន ទៅឃុំក្រាំងចេក នៃស្រុកឧដុង្គ ក៏ជាផ្លូវមួយក្នុងចំណោមផ្លូវដែលរងការខូចខាតដោយទឹកជំនន់នោះដែរ តែក្រោយមកត្រូវបានក្រសួងសម្រេចឱ្យកងវិស្វកម្មក្រសួងមហាផ្ទៃ ធ្វើការជួសជុល។
បច្ចុប្បន្នបានធ្វើការជួសជុលបានពាក់កណ្តាលនៃចំនួនខូចខាតជាក់ស្តែង អាស្រ័យលើកញ្ចប់ថវិកាទទួលបាន។ ចំពោះបរិមាណខូចដែលនៅសល់ ពុំបានជួសជុលទេ រហូតមកទល់សព្វថ្ងៃនេះ។ ចុងក្រោយក្រសួងបានសម្រេចទម្លាក់ថវិកាបន្ថែម ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាអ្នករ៉ាប់រងជួសជុលបន្តលើកំណាត់ផ្លូវខេត្តលេខ១៤៤០ ដែលនៅសល់នេះ ដែលមានចំនួន៦ទីតាំងធំៗ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេគិតជាប្រវែងមានប្រមាណជិត ២គីឡូម៉ែត្រ។
លោក ស៊ូ ស៊ុន្ធរ៉ា ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្លូវនេះមានលក្ខណៈល្អប្រសើរឡើងជាបណ្តើរៗហើយ ក្រោយពីបានធ្វើការជួសជុលឡើងវិញ តែស្ថិតក្នុងដំណាក់កាលការដ្ឋានកំពុងដំណើរការ មន្ទីរក៏សូមអធ្យាស្រ័យចំពោះ ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្តោយផ្លូវនេះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ដែលបណ្តាលមកពីសកម្មភាពគ្រឿងចក្រ រថយន្តដឹកដីនានា ឬអាចបណ្តាលមកពីហុយ ក្រុមការងារនឹងចាត់ចែងស្រោចទឹកដើម្បីកាត់បន្ថយការរំខាន ក៏ដូចចាក់ស្រោចកៅស៊ូឡើងវិញក្រោយការជួសជុលបានរួចរាល់។
ជាមួយនោះដែរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមមូលដ្ឋានភូមិឃុំជាប់បណ្តោយផ្លូវសូមកុំចាក់ដីលុបប្រឡាយទឹក លុបមុខលូ ស្ពាន ប្រឡាយ និងកុំចាក់លើដីចំណីផ្លូវខ្ពស់ជាងផ្លូវ។ មួយវិញទៀតសូមកុំបន្តដឹកជញ្ជូនលើសទម្ងន់ ដែលបង្ករការងាយរងការបាក់ស្រុតនាំឱ្យខូចផ្លូវ ស្ពាន លូ ជាដើម៕
អត្ថបទនិងរូបភាពដោយ៖ Puthi News