ក្រោយការគំរាមកំហែងពីសំណាក់មីស៊ីលរបស់កូរ៉េខាងជើងម្ដងហើយម្ដងទៀត ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សូក យូល(Yoon Suk-yeol) នាពេលនេះកំពុងតែរិះរកមធ្យោបាយក្នុងការទប់ស្កាត់ ដោយរំពឹងថាខ្លួននឹងអាចរកបានដំណោះស្រាយតាមរយៈកិច្ចប្រជុំជាមួយប្រទេសសម្ព័ន្ធមិត្ត នៅសប្ដាហ៍នេះ។
កិច្ចប្រជុំនេះផងដែរ គឺជាកិច្ចប្រជុំកំពូលដ៏សំខាន់មួយជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តគាំទ្ររបបប្រជាធិបតេយ្យដ៏មានអំណាច ហើយដែលនឹងធ្វើឡើងនាថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងរដ្ឋ ម៉ារីលែន(Maryland) នៃសហរដ្ឋអាមេរិក។
តាមរយៈកិច្ចប្រជុំនេះ លោក Yoon Suk-yeol រំពឹងថា ជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន(Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា(Fumio Kishida) នឹងនាំឱ្យមានការព្រមព្រៀងគ្នាលើមធ្យោបាយក្នុងការបង្កើនសមត្ថភាពរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង។
លោក Yoon Suk-yeol បានសង្កត់ធ្ងន់ថា៖«សហគមន៍អន្តរជាតិនឹងមិនទទួលយកកូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរក្នុងកាលៈទេសៈណាក៏ដោយ»។ ក្នុងនោះ លោក Yoon ក៏បាននិយាយដែរថា ការពិភាក្សានៅឯកិច្ចប្រជុំកំពូលនាងពេលខាងមុខនេះនឹងលើកឡើងការបង្កើនសមយុទ្ធការពារជាតិត្រីភាគី។

ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមេសាកន្លងទៅ នាសេតវិមាន លោក Yoon និងលោក Biden បានព្រមព្រៀងគ្នាលើការបង្កើនការដាក់ពង្រាយកងទ័ពយោធា ដូចជានាវាមុជទឹក មីស៊ីលនុយក្លេអ៊ែរ និងបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ ដើម្បីធានាថាទីក្រុងសេអ៊ូល ពិតជាទទួល បានការការពារពីប្រទេសជាសម្ព័ន្ធមិត្ត។
ប៉ុន្តែយ៉ាងណា ក្រោយមកមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានដាក់ចេញនូវបច្ចេកវិទ្យាថ្មីដែលត្រូវបានរចនាឡើងដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែយ៉ាងឆាប់រហ័ស និងថែមទាំងអាចគេចពីឧបករណ៍ស្ទាក់ចាប់របស់សហរដ្ឋអាមេរិកបាន។
បច្ចេកវិទ្យាថ្មីនេះ អាចវាយប្រហារកូរ៉េខាងត្បូងទាំងអស់ និងផ្នែកខ្លះនៃប្រទេសជប៉ុន ដោយប្រើ រយៈពេលមិនដល់ ១៥ នាទីផង។
បើទោះជាយ៉ាងនេះក្ដី លោក Yoon នៅតែអះអាងថា សហគមន៍អន្តរជាតិរួមទាំងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទណ្ឌកម្មលើកូរ៉េខាងជើង ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ពីជំហរយ៉ាងមុតមុំារបស់ខ្លួនថា៖ «យើងត្រូវតែធ្វើឱ្យកូរ៉េខាងជើងដឹងថា ការបង្កើតនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់នេះ គឺជាទង្វើខុសច្បាប់ ដែលនឹងរុញ កូរ៉េខាងជើងឱ្យធ្លាក់កាន់តែជ្រៅទៅក្នុងភាពឯកា និងភាពវឹកវ»៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News