ស្តាប់អត្ថបទជាសម្លេង
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជេីង នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ចេញកាលពីថ្ងៃពុធនោះ គឺជាការសាកល្បងមីស៊ីលបាញ់ចេញពីរថភ្លេីងដែលត្រូវបានអភិវឌ្ឍឡើងដើម្បីត្រៀមទប់ទល់ប្រឆាំងនឹងកម្លាំងណាដែលគំរាមកំហែងដល់ប្រទេសកូរ៉េខាងជេីង។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានរាយការណ៍ថា មីស៊ីលនោះបានហោះក្នុងចម្ងាយ ៨០០គីឡូម៉ែត្រមុនពេលធ្លាក់ចំគោលដៅស្ថិតនៅក្នុងឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើង។
នៅក្នុងរូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ គេឃេីញមីស៊ីលមួយដេីមកំពុងហោះចេញ និងអណ្តាតភ្លើងចេញពីដំបូលរថភ្លើងដែលចតនៅលើផ្លូវនៅក្នុងតំបន់ភ្នំមួយកន្លែង។
អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជេីងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់កាលពីថ្ងៃពុធ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជេីងបានសាកល្បងមីស៊ីលស្វ័យនាំផ្លូវមួយគ្រាប់ដែលក្រុមអ្នកវិភាគបាននិយាយវាអាចមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែរ។
គួរកត់សម្គាល់ថា ការបាញ់មីស៊ីលចេញពីរថភ្លេីងរបស់កូរ៉េខាងជើងនោះបានធ្វេីឡើងនៅថ្ងៃតែមួយដែលកូរ៉េខាងត្បូងបានសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងមិនបានរាយការណ៍ថាតើមេដឹកនាំកូរ៉េខាងជេីង លោក គីម ជុងអ៊ុន (Kim Jong Un) បានទៅត្រួតពិនិត្យមេីលការបាញ់សាកល្បងមីស៊ីលនេះដែរឬទេ៕
អត្ថបទ នឹងរូបភាពដោយ៖ Puthinews