26 C
Phnom Penh
Saturday, July 27, 2024

កូនរដូវប្រាំង កំពុងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករជាង៤៦០ហិកតា នៅស្រុកមួយចំនួន ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ កូនរដូវប្រាំង ដែលចាប់ផ្តើមពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២១ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំគ្រប់ប្រភេទរបស់ប្រជាកសិករនៅតាមជនបទ ដែលពឹងផ្អែកទាំងស្រុងលើរបបទឹកភ្លៀង។ ផលប៉ះពាល់នេះ បាននិងកំពុងកើតមានលើប្រជាកសិករមួយចំនួននៅតាមស្រុកនៃខេត្តកំពង់ស្ពឺ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ថា ខេត្តកំពង់ស្ពឺ មានស្រុក-ក្រុងចំនួន០៨ ក្នុងនោះប្រជាពលរដ្ឋនៅតាមស្រុក-ក្រុងនេះភាគច្រើនពួកគាត់នៅបន្តធ្វើស្រែចម្ការតាមទំនៀមទម្លាប់នៅឡើយ។ សម្រាប់ឆ្នាំនេះពួកគាត់បាននាំគ្នាធ្វើស្រែ បានចំនួន១៤៦ ៨៩១ហិកតា ក្នុងនោះមានអ្នកខ្លះធ្វើដោយសង្ឃឹមលើទឹកភ្លៀង និងខ្លះធ្វើទៅតាមបច្ចេកទេសកសិកម្មដោយពឹងផ្អែកទៅលើប្រភពទឹក និងប្រឡាយមេ។

ទន្ទឹមនឹងអាកាសធាតុមិនអំណោយផល និងស្របពេលដែលកូនរដូវប្រាំងបានកើតឡើងផងនោះ បានធ្វើឱ្យដំណាំស្រូវរបស់ប្រជាកសិករប្រមាណ ៤៦២ហិកតា ត្រូវរងការខូចខាត តែអាចនៅសង្គ្រោះបានខ្លះ ហើយប្រសិនបើមេឃនៅបន្តរាំងនោះអាចនឹងខូចខាតទាំងស្រុង។ ចំនួននៃការខូចខាតនេះដែរបានកើតឡើងលើស្រុកចំនួន០៤គឺ ស្រុកឧដុង្គ សំរោងទង គងពិសី និងស្រុកបសេដ្ឋ។ បច្ចុប្បន្នមន្ទីរធនធានទឹក កំពុងដាក់ម៉ាស៊ីនដើម្បី ជួយសង្គ្រោះនៅតាមគោលដៅទាំងនោះហើយ ដែលមានស្រុកគងពិសីចំនួន១៥២ហិកតា ឃុំទួលធ្នង់ចំនួន៣៥ហិកតា ឃុំព្រៃទួលចំនួន២១០ហិកតា និងឃុំថ្លុកឈើទាលចំនួន៦៥ហិកតា។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានបញ្ជាក់ផងដែរថា មន្ទីរបានដាក់ម៉ាស៊ីនបូមសង្គ្រោះមានចំនួន០៨គោលដៅ ហើយក្រៅពីគោលដៅទាំងនេះ មន្ទីរក៏បានបែងចែកជាប្រេងទៅដល់កសិករដែលមានម៉ាស៊ីន ហើយបូមខ្លួនឯងផងដែរ។ ចំពោះស្រុកឧដុង្គ ដែលរងផលប៉ះពាល់ដែរនោះ មន្ទីរមិនអាចធ្វើការជួយសង្គ្រោះបាននោះទេដោយស្រុកមួយនេះមិនមានប្រភពទឹកទៅដល់៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img