ខេត្តប៉ៃលិន ៖ ក្រោយបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុ ចាប់១២ឆ្នាំដល់ក្រោម១៨ឆ្នាំ រួចរាល់ហើយនោះពួកគេបានឱ្យអ្នកសារព័ត៌មានដឹងថា ពួកគេមានសុខភាពល្អធម្មតា និងមានអារម្មណ៍សុវត្ថិភាពជាងមុន ដោយសារមានវ៉ាក់សាំងការពារខ្លួន ខណៈថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានកុមារ និង យុវវ័យជាង ៩ពាន់នាក់បានស្ម័គ្រចិត្ដចាក់ក្នុងក្របខណ្ឌខេត្តប៉ៃលិន។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ដល់កុមារ និងយុវវ័យ នាពេលនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុនចិន។
យុវតីម្នាក់រស់នៅភូមិអូរចិត្តប្រាំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រាប់ថា រូបគេ និងមិត្ដរួមថ្នាក់រៀនជាមួយគ្នា បានស្ម័គ្រចិត្ដចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការនេះ ហើយក្រោយចាក់រួច ពួកគេគ្មានអាការៈ ខុសប្លែកនៅក្នុងខ្លួននោះទេ គឺមានសភាពល្អធម្មតា។
កុមារ និងយុវវ័យ ក្នុងខេត្តប៉ៃលិន ដែលបានចាក់វ៉ាក់សាំងដូសទី១ រួចពួកគេ បានថ្លែងអំណរគុណ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំ អាជ្ញាធរ ក៏ដូចជាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលជានិច្ចជាកាលតែងគិតគូរពីសុខមាលភាព ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ។
ពួកគេបានជូនពរ សម្តេចទាំងទ្វេ ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ឱ្យជួបតែសេចក្តីសុខ ចម្រើន ឈ្នះ គ្រប់ភារកិច្ច និងសូមជៀសចាកឆ្ងាយពីកូវីដ-១៩ ។
ការចាក់វ៉ាក់សាំងអាចជួយការពារដល់កុមារ យុវវ័យពីផលប៉ះពាល់អវិជ្ជមាននៃការលូតលាស់ផ្នែកស្មារតី និងរាងកាយទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយជួយកុមារ យុវវ័យឱ្យវិលត្រឡប់មករស់នៅប្រកបដោយសុវត្ថិភាព តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសការវិលត្រឡប់ទៅកាន់សាលារៀនវិញ ការជួបជុំមិត្តភក្តិ ការចូលរួមកម្មវិធីសំខាន់ៗដូចជាការហាត់ប្រាណ ការលេងកីឡា និងការប្រគំតន្ត្រីជាដើម ដែលសុទ្ធតែជាសកម្មភាពសំខាន់ និងចាំបាច់ក្នុងការរួមចំណែកដល់ការលូតលាស់ផ្នែកប្រាជ្ញាស្មារតី ផ្លូវកាយផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ-យុវវ័យ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News