30 C
Phnom Penh
Saturday, July 27, 2024

កុមារ និងយុវវ័យជាង១១ម៉ឺននាក់ ក្នុងខេត្តកំពងស្ពឺ ចាប់ផ្តើមទទួលបានវ៉ាក់សាំងកូវីដ-១៩

កំពង់ស្ពឺ៖ កុមារ និងយុវវ័យ ដែលមានអាយុចន្លោះពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលកំពុងរស់នៅក្នុងខេត្តកំពង់ស្ពឺ ប្រមាណជាង ១១ម៉ឺននាក់ ចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី១ នៃថ្ងៃយុទ្ធនាការទី១។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាការចំពោះកិច្ចប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី១ សម្រាប់កុមារ និងយុវវ័យដែលមានអាយុចន្លោះពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ យុទ្ធនាការនេះធ្វើឡើងដោយគ្មានថ្ងៃកំណត់នោះទេ ពោលគឺ ក្រុមគ្រូពេទ្យត្រូវតែចាក់ឱ្យអស់ និងគ្រប់គ្នា ដើម្បីធ្វើយ៉ាងណាផ្តល់ឱកាសឱ្យពួកគាត់បានទទួលវ៉ាក់សាំង អាចទទប់ទល់ជាមួយកូវីដ-១៩ និងអាចឱ្យគាត់មានឱកាសវិលចូលទៅសាលារៀនវិញតាមការគិតគូរបស់រាជរដ្ឋាភិបាល។ មួយវិញទៀត នៅពេលដែលក្មេងៗ និងយុវវ័យបានទទួលវ៉ាក់សាំងគ្រប់គ្នារួចហើយនោះ រំពឹងថាជំងឺកូវីដ-១៩មិនអាចរំខានដល់ការសិក្សារបស់ពួកគាត់ឡើយ។

លោក វ៉ី សំណាង បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺក៏ជាខេត្តដែលប្រឈមផងដែរចំពោះជំងឺកូវីដ-១៩ ដោយមួយរយៈមកនេះមានឆ្លងរហូតដល់ជាង ៤ពាន់នាក់ និងមានអ្នកស្លាប់រហូតដល់ ១០០នាក់ ហើយ។ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបានធ្វើឱ្យអ្នកជំងឺក្នុងខេត្តនេះ បានជាសះស្បើយយ៉ាងឆាប់រហ័ស ហើយបើគិតមកទល់ថ្ងៃនេះនៅសល់អ្នកជំងឺកំពុងព្យាបាលត្រឹមតែជាង ១០០នាក់ ប៉ុណ្ណោះ ហើយសម្រាប់ការឆ្លងថ្មីប្រចាំថ្ងៃក៏មានការថយចុះគួរឱ្យចាប់អារម្មណ៍ផងដែរ ក្រោយពីចាក់វ៉ាក់សាំងរួច។ ចំពោះអ្នកជំងឺដែលបានស្លាប់កន្លងមក សុទ្ធតែជាមនុស្សដែលមានវ័យចំណាស់ ហើយជរា មិនមានកុមារ និងយុវវ័យទេ។

សូមបញ្ជាក់ថា ជុំវិញយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យដែលមានអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំនេះ ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ផងដែរថា ដើម្បីពន្លឿនក្នុងការចាក់នេះ ក្រុមគ្រូពេទ្យទាំង១២ទីតាំងអាចចាក់បានក្នុងមួយថ្ងៃចំនួនជិត ៣ពាន់នាក់៕

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img