26 C
Phnom Penh
Saturday, July 27, 2024

កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ថវិកាសាងសង់ផ្ទះជូនស្រ្តីមេម៉ាយ រងគ្រោះដោយគ្រោះធម្មជាតិ នៅស្រុកកំរៀង ខេត្តបាត់ដំបង

បាត់ដំបង៖ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួនជិត៨លានរៀល សម្រាប់ធ្វើការសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋជាស្ត្រីមេម៉ាយម្នាក់ ដែលកំពុងតែជួបនឹងការលំបាកឈ្មោះ ឆាយ លឿម អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ដែលផ្ទះរបស់គាត់ត្រូវបានរលំខូចខាតទាំងស្រុងដោយសារភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់ កាលពីដើមខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។

នៅក្នុងឱកាសនៃការចុះពិនិត្យការងារសាងសង់ផ្ទះ និងនាំយកថវិកាទៅប្រគល់ជូនដោយផ្ទាល់ដៃដល់ជនរងគ្រោះនោះ  លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងតំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យការងារសាងសង់ផ្ទះនេះឃើញថា  ផ្ទះដែលត្រូវសាងសង់ថ្មី បានផ្លាស់ប្តូរទីតាំងមកនៅលើដីមួយកន្លែង ដែលប្អូនរបស់គាត់បានផ្តល់ឱ្យស្ថិតនៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ក្នុងទំហំផ្ទះ៤.៥ម៉ែត្រ គុណនឹង៤.៥ម៉ែត្រ និងមានយ៉មុខប្រវែង៣ម៉ែត្រ ធ្វើអំពីដែក ជញ្ជាំងនិងដំបូលសង្ក័សី ចំណាយថវិកាសាងសង់អស់ចំនួនជិត៨រៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក សឿម ប៊ុនរិទ្ធិ បានលើកឡើងថា ដោយមើលឃើញពីការលំបាករបស់អ្នកស្រី ឆាយ លឿម ដែលគ្មានផ្ទះសំបែងសម្រាប់ការរស់នៅនោះ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់ផ្ទះជូនដោយទឹកចិត្តអាណិតអាសូរនិងក្តីស្រឡាញ់ ដើម្បីគាត់មានទីជម្រករស់នៅបានសមរម្យដូចគេដូចឯងផងដែរ ។

លោកបានបន្តទៀតថា ការជួយជាផ្ទះសម្រាប់អ្នកស្រីនាពេលនេះគឺធ្វើឡើងក្នុងនាមជាមនុស្សធម៌សុទ្ធសាធ ដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរអ្វីឡើយ មានន័យថា ឱ្យតែប្រជាពលរដ្ឋជួបនឹងការលំបាកពិតប្រាកដគឺសម្តេចត្រូវតែជួយដូចៗគ្នាទាំងអស់ ។

លោកអភិបាលរងខេត្តបាត់ដំបង បានណែនាំបន្ថែមដល់ក្រុមការងារជួយពិនិត្យកន្លែងចន្លោះប្រហោងផ្សេងៗទៀតដែលនៅសេសសល់ ដើម្បីពន្លឿនក្រុមជាងធ្វើឱ្យបានឆាប់រួចរាល់ ដើម្បីប្រគល់ជូនអ្នកស្រី បានរស់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

ចំពោះអ្នកស្រី ឆាយ លឿម បានសំដែងនូវទឹកចិត្តសប្បាយរីករាយចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលបានផ្តល់នូវថវិកាសម្រាប់ការសាងសង់ផ្ទះជូនដល់គាត់ដែលជាជនរងគ្រោះដោយ គ្រោះធម្មជាតិ រលំខូចខាតផ្ទះទាំងស្រុងដែលបានធ្វើឱ្យគាត់មានទីជម្រកសម្រាប់ការរស់ឡើងវិញនាពេលនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img