ស្តាប់អត្ថបទជាសម្លេង
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសប្តាហ៍នេះថា មនុស្សជិត១.៣ពាន់លាននាក់ដែលមានជំងឺលើសសម្ពាធឈាមជារឿយៗបណ្តាលមកពីធាត់ជ្រុលដែលបង្កើនហានិភ័យនៃជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោម។
យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោកនិងសាកលវិទ្យាល័យមួយនៅអង់គ្លេសដែលត្រូវបានចេញផ្សាយនៅលើព្រឹត្តិប័ត្រវេជ្ជសាស្ត្រ ឡេនសេត (Lancet) ជំងឺលើសសម្ពាធឈាមអាចត្រូវបានវិនិច្ឆ័យយ៉ាងងាយស្រួលដោយការវាស់សម្ពាធឈាម និងព្យាបាលដោយប្រើថ្នាំដែលមានតម្លៃថោក ប៉ុន្តែពាក់កណ្តាលនៃអ្នកជំងឺមិនបានដឹងពីស្ថានភាពរបស់ពួកគេហើយមិនទៅទទួលការព្យាបាល។

ការសិក្សានោះបានបង្ហាញថា អត្រាអ្នកកើតជំងឺលើសសម្ពាធឈាមបានប្រែប្រួលតិចតួចក្នុងរយៈពេល៣០ឆ្នាំមកនេះដោយភាគច្រើនប្តូរមកកើតមានក្នុងចំណោមពលរដ្ឋរស់នៅបណ្តាប្រទេសមានចំណូលទាបបន្ទាប់ពីប្រទេសអ្នកមានអាចគ្រប់គ្រងបានមួយផ្នែកធំ។
យោងតាមអង្គការសុខភាពពិភពលោក មនុស្សប្រហែល១៧.៩លាននាក់បានស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងនៅក្នុងឆ្នាំ២០១៩ដែលស្មើនឹង១ភាគ៣នៃការស្លាប់នៅទូទាំងពិភពលោក ហើយកត្តាសំខាន់គឺបណ្តាលមកពីជំងឺលើសសម្ពាធឈាម។
ប្រធាននាយកដ្ឋានជំងឺមិនឆ្លងរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ក្រៅពីកត្តាហ្សែនដែលជាហានិភ័យនៃជំងឺលើសសម្ពាធឈាមគឺនៅមានកត្តាផ្សេងទៀតពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃដូចជាការកំណត់របបអាហារមិនត្រឹមត្រូវ, មិនធ្វើលំហាត់ប្រាណ, ជក់បារីនិងសេពគ្រឿងស្រវឹង, ជំងឺទឹកនោមផ្អែម និងលើសទម្ងន់៕


អត្ថបទ នឹងរូបភាពដោយ Puthinews