រថយន្តមួយគ្រឿងដែលមានផ្ទុកគ្រាប់បែក និងអ្នកធ្វេីអត្តឃាត បានផ្ទុះនៅក្បែរវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ របស់ប្រទេសសូម៉ាលីកាលពីថ្ងៃសៅរ៍ ហេីយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់។
មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨នាក់ផ្សេងទៀតបានរងរបួស និងរថយន្ត ៧គ្រឿងទៀតត្រូវបានបំផ្លាញ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រុមសកម្ម
ប្រយុទ្ធអ៊ីស្លាមអាល់សាបាប់ (Al-Shabab) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ការវាយប្រហារនេះបានផ្តោតគោលដៅទៅលើក្បួនរថយន្តមួយដែលកំពុងធ្វេីដំណេីរឆ្ពោះទៅវិមានប្រធានាធិបតី ខណៈដែលក្បួនរថយន្តនេះកំពុងឈប់រង់ចាំនៅប៉ុស្តិ៍ត្រួតពិនិត្យដ៏មមាញឹកមួយ។
សាក្សីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រថយន្តគ្រាប់បែកនោះត្រូវបានចុចបំផ្ទុះនៅពេលដែលប៉ូលិសបានឲ្យអ្នកបើកឈប់រថយន្តដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខ។
ការផ្ទុះនេះបានកើតឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានចុចបំផ្ទុះគ្រឿងផ្ទុះនៅជិតទីបញ្ជាការយោធាសូម៉ាលីក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ ប៉ុន្តែមិនបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសទេ៕
អត្ថបទ និងរូបភាពដោយះPuthinews