25 C
Phnom Penh
Thursday, October 31, 2024

ការនាំអង្ករចេញពីកម្ពុជាថយចុះជាង២៣% រយៈពេល៨ខែ តែកើនឡើងក្នុងខែសីហា នេះ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំនេះ ការនាំអង្ករចេញទៅក្រៅប្រទេសមានចំនួន៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន (-២៣,៣៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន៤៤៨ ២០៣តោន។ ដោយឡែកសម្រាប់ខែសីហា ឆ្នាំ២០២១នេះ ការនាំចេញមានចំនួន៣៣ ៥៨២តោន កើនឡើងចំនួន១១ ៤៥២តោន (៥១,៧៥%) បើធៀបនឹងខែសីហា ឆ្នាំ២០២០ ដែលមានចំនួន២២ ១៣០តោន។

ក្នុងការនាំចេញនោះ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន២៤២ ៤៣២តោន ស្មើនឹង ៧០,៥៩% អង្ករសគ្រប់ប្រភេទមានចំនួន៩៤ ៤៤១តោន ស្មើនឹង២៧,៥០% និងអង្ករចំហុយមានចំនួន៦ ៥៧៤តោន ស្មើនឹង១,៩១% ដែលបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន៨៨ ២៧១តោន (ថយចុះចំនួន៦១ ៥៧៧តោន ស្មើនឹង -៤១,០៩%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន១៦៥ ៦១២តោន (កើនឡើងចំនួន ៦ ៣៥៩តោន ស្មើនឹង ៣,៩៩%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន៣៥ ៥៥៣តោន(ថយចុះចំនួន២៥ ៣៨០តោន ស្មើនឹង -៤១,៦៥%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៥៤ ០១១តោន (ថយចុះចំនួន២៤ ១៥៨តោន ស្មើនឹង-៣០,៩០%)។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុននាំចេញអង្ករមានចំនួន៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់២៤៧ ៩០៣ តោន (៧២,១៨%) និងក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ៩៥ ៥៤៤តោន (២៧,៨២%)៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img