25 C
Phnom Penh
Thursday, October 31, 2024

កសិករដាំតាង៉ែននៅខេត្តបាត់ដំបង កំពុងរីកមុខ រីកមាត់ ខណៈទីផ្សារតាង៉ែនដែលបាត់បង់ទៅហើយនោះ ត្រូវបានសង្រ្គោះឱ្យរស់ឡើងវិញ

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កសិករដាំដំណាំតាង៉ែននៅខេត្តបាត់ដំបង បានជួបប្រទះនូវបញ្ហាប្រឈម ក្នុងការនាំចេញទៅក្រៅប្រទេស ដោយសារតែជំងឺកូវីដ-១៩ បានវាយលុកប្រទេសជិតខាងធ្វើឱ្យទីផ្សារតាង៉ែនមានការកកស្ទះនឹងឈានទៅខាតបង់ថ្លៃដើមផលិត តែវិបត្តិទីផ្សារតាង៉ែន ត្រូវបានដោះស្រាយបញ្ចប់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានចុះប្រមូលទិញដោយដាក់ទីស្នាក់កណ្តាលនៅកណ្តាលក្រុងបាត់ដំបង ស្ថិតក្នុងទីលានបាល់ទាត់វាលបែកចាន  សង្កាត់រតនៈ ក្រុងបាត់ដំបង និងការចុះទិញដោយផ្ទាល់នៅតាមចម្ការតាង៉ែន បានចំនួន៦ស្រុករួចមកហើយ មានស្រុករតនមណ្ឌល រុក្ខគិរី សំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដោយឡែកសម្រាប់ស្រុកសំឡូត ក្រុមការងាររបស់សម្តេចតេជោ បានសហការជាមួយក្រុមការងាររដ្ឋបាលខេត្តបាត់ដំបងបានបន្ត ទិញផ្លែតាង៉ែនពីកសិករផ្ទាល់នៅក្នុងចម្ការតែម្តង ។

ម្ចាស់ចម្ការតាង៉ែននៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែតាង៉ែនរបស់គាត់ ដែលស្ទើរតែបាត់បង់ តែត្រូវបានសង្រ្គោះឱ្យរស់ឡើងវិញ ដោយសារតែមានការប្រមូលទិញពីក្រុមការងាររបស់សម្ដេចតេជោ ដែលធ្វើឱ្យការខាតបង់ថ្លៃដើមផលិតត្រូវបានកាត់បន្ថយបានច្រើន ។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ ទីផ្សារតាង៉ែនរបស់កសិករលែងមានជាបញ្ហាចោទហើយ តាមរយៈក្រុមការងាររបស់សម្តេចតេជោ បានចុះមកទិញផ្ទាល់ក្នុងចម្ការនាពេលនេះ ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឱកាសបន្តចុះប្រមូលទិញផ្លែតាង៉ែន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ នៅទីតាំងចំការស្រុកសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ថា សកម្មភាពចុះប្រមូលទិញតាង៉ែននេះ មិនទាន់កំណត់ពេលបញ្ចប់ក្នុងការទិញនោះទេ ។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានបន្តថា ការប្រមូលទិញនេះ គឺដើម្បីជួយរំលែកកុំឱ្យប្រជាកសិករខាតបង់ថ្លៃដើមផលិតច្រើនពេក ។ 

សូមបញ្ជាក់ថា  ការចុះទិញតាង៉ែន នាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌របស់សម្តេចទាំងទ្វេរ  ដើម្បីជួយដល់កសិករ  ហើយការប្រមូលទិញកសិផលផ្លែតាង៉ែននេះដែរ គឺធ្វើទៅតាមតម្លៃដែលម្ចាស់ចម្ការ បានព្រមព្រៀង ជាមួយក្រុមការងារក្នុងការលក់និងទិញផ្ទាល់ ក្នុងតម្លៃ ២០០០៛ ក្នុង១គីឡូក្រាម ហើយនៅក្នុងចម្ការតាង៉ែននេះ ដាំលើផ្ទៃដី 0២ហិចតា ក្រុមការងារប្រមូលទិញបានប្រមាណជាង២០តោន ហើយថែមទាំងផ្តល់កងកម្លាំងឱ្យចុះជួយបេះផ្លែតាង៉ែន ជាមួយនឹងម្ចាស់ចម្ការផងដែរ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img